នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដ៏មហស្ចារ្យ
សង្គមខ្មែរត្រូវការនូវការផ្សះផ្សាជាតិ និងសាមគ្គីភាពឡើងវិញ
ដើម្បីបំភ្លេចវិនាសកម្មគ្រប់បែបយ៉ាងទាំងខាងជីវិត
និងសម្ភារៈក្នុងសង្គ្រាមខ្មែរ-ចាម ដែលទើបតែកន្លងផុតទៅ។
ដើម្បីជាការដឹងគុណកតញ្ញូតាធម៌ចំពោះបុព្វការីជនដែលបានពលីជីវិត
ដើម្បីទឹកដីព្រះអង្គបានសាងសង់បូជនីយដ្ឋាន
និងព្រះបដិមាដ៏ច្រើនសន្ធឹកសន្ធាប់ឥតគណនា។
ព្រះបាទជ័យវរ្ម័នទី៧ សារមន្ទីរ ជាតិសៀមរាប (ម.ត ២០១០)
ចាប់តាំងពីពេលព្រះបាទជ័យវរ្ម័នទី៧
ឡើងសោយរាជសម្បត្តិជាព្រះមហាវីរក្សត្រនៅទីក្រុងស្រីជ័យ
ដែលជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៧ ឬនគរធំ អតីតយសោធបុរៈ
(រាជធានីសម័យព្រះបាទយសោវរ្ម័ន) នៅឆ្នាំ ១១៨១នៃគ្រិស្តសករាជ
គេឃើញមានការសាងសង់មូលនិធិសាសនាជាច្រើន
រួមទាំងព្រះបដិមារាប់ពាន់ម៉ឺនអង្គ
ដើម្បីទ្ទិសដល់ព្រះពុទ្ធអង្គនៃលទ្ធិមហាយាន
និងព្រះអាទិទេពនៃព្រហ្មញ្ញសាសនា
ក៏ប៉ុន្តែរូបចម្លាក់ទាំងអស់ក៏តំណាងឲ្យបុព្វការីជនដែលមានមាតា បិតា
ជីដូន ជីតា ឬក៏មេទ័ពគ្រូបាធ្យាយ ដូចជា ពួកព្រហ្មណ៍មានគុណទាំងនោះ
បានចែកឋានទៅហើយ។ វាមានអត្ថន័យដ៏វិសេសវិសាល និងធំធេងណាស់
ដែលព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានកត់ត្រាលើផ្ទាំងសិលាចារឹកនៅ
ប្រាសាទព្រះខ័ន និងប្រាសាទតាព្រហ្មក្នុងចក្រភពមហានគរ
ដែលទើបងើបពីសង្គ្រាម និងប្រឈមមុខនឹងវិបត្តិអត្តសញ្ញាណជាតិ។ តាមខ្លឹមសារនៃសិលាចារឹក យើងអាចបញ្ជាក់ថា យើងឃើញមានការខិតខំប្រឹងប្រែងពីសំណាក់ព្រះមហាវីរក្សត្រអង្គនេះ ដើម្បីសុខសន្តិភាពបង្រួបបង្រួម ជំនឿសាសនាបែបពុទ្ធនិយម ព្រហ្មណ៍និយម និងប្រពៃណីខ្មែរសុទ្ធសាធដែលជាវិភាគទានដ៏ថ្លៃថ្លា និងយ៉ាងធំធេងដល់ឯកភាពជាតិខ្មែរទាំងមូល។ តាមរយៈជំនឿសាសនានេះ ជាពិសេសការគោរពបូជាចំពោះបុព្វការីជនក្រោមរូបភាពជាព្រះអាទិទេព ឬជាព្រះពោធិសត្វនៃលទ្ធិព្រះពុទ្ធសាសនាមហាយាន យើងឃើញពីព្រះពុទ្ធសាសនាមហាយាន យើងឃើញពីព្រះរាជបំណង ឬឆន្ទះពិតៗដែលប្រកបដោយព្រះបញ្ញាញាណព្រះករុណាមេត្តាធម៌ សមភាពនិងសមធម៌ពិតៗ ដែលជាមាគ៌ាតែមួយគត់នាំមកនូវភាពសុខដុមរមនា និងសុខសន្តិភាពរវាងខ្មែរ និងខ្មែរឲ្យចេះរួមរួមគ្នាកាន់តែធំឡើងៗជាលំដាប់ ប្រសើរជាងការបះបោរ ឬការបំផ្លិចបំផ្លាញគ្នាឯង។
ការខិតខំប្រឹងប្រែងរួបរួមគ្នាតាំងពីក្នុងព្រះរាជវង្សានុវង្ស ពួកព្រាហ្មណ៍បុរោហិត រហូតដល់ប្រជារាស្ត្រទូទៅក្នុងការស្ថាបនាខឿនវប្បធម៌ជាតិ និងការអភិវឌ្ឍន៍ប្រទេសឡើងវិញក្រោយពីសង្គ្រាមរ៉ាំរ៉ៃ អាចបញ្ជាក់តាមរយៈការកសាងទីក្រុងអង្គរធំ និងប្រាសាទធំៗ ដូចជាប្រាសាទព្រះខ័នកំពង់ស្វាយ ប្រាសាទបាណន់ជាដើម។
សិលាចារឹកព្រះខ័ន ឯកសារបារាំង
កតញ្ញូតាធម៌របស់ព្រះមហាវីរក្សត្រអង្គនេះចំពោះបុព្វការីជន
ដែលមានគុណបំណាច់ដ៏មហាធំធេង ជំពោះទ្រង់ និងជាតិ
អាចឆ្លុះបញ្ចាំងតាមរយៈការស្ថាបនានូវចម្លាក់ដូនតា
ដែលបានចែកឋានទៅក្រោមរូបភាពព្រះអាទិទេពឥណ្ឌា
ដើម្បីជាទីគោរពសក្ការៈបូជា។ ឧទាហរណ៍ជាក់ស្តែង
ទ្រង់បានកសាងរូបចម្លាក់ព្រះលោកេស្វរៈមួយ មានព្រះនាមថា
ស្រីជយវម្មេស្វារៈ ដែលជារូបព្រះបិតារបស់ព្រះអង្គ
ដោយបានធ្វើពិធីអភិសេកនៅឆ្នាំ ១១៨។ មានន័យថា ព្រះអង្គឧទ្ទិសមគ្គផល
ឬកុសលដែលបានមកពីព្រះទង្វើនេះថ្វាយវិញ្ញាណក្ខន្ធព្រះបិតារបស់
ព្រះអង្គ
ហើយពិធីឆ្លងព្រះបដិមាខាងលើនេះសព្វថ្ងៃនៅតែជាប្រពៃណីពេញនិយមរបស់
ពុទ្ធសាសនិកជនខ្មែរនៅឡើយ។ ក្នុងន័យនេះដែរ ក្នុងផ្ទាំងសិលាចារឹកប្រាសាទព្រះខ័ន ព្រះអង្គក៏ត្រាស់បញ្ជាឲ្យចារគាថាទាំងនេះផងដែរគឺ ’ត្បិតប្រាសាទនេះតាមរយៈអំពើកុសលទាំងនោះដែលកាំរស្មីនៃព្រះអាទិត្យ ចែងចាំង សូមឲ្យរូបខ្ញុំព្រះករុណាខ្ញុំសោយព្រះនិព្វាន ដែលអ្នកឯទៀតមិនបានសម្រេចបំណង ដើម្បីធ្វើឲ្យសត្វលោកឆ្លងផុតពីសមុទ្រនៃវដ្តសង្សារ” (គាថា CLXXI)។
“នៅពេលដែលមនុស្សបានបាត់បង់ជាយូរមកហើយនូវកូន ឬភរិយានោះ ទោះបីជាគេស្រឡាញ់អស់ពីដួងចិត្តក៏ដោយ គេក៏ដឹង ហើយបន្ទាប់មក បើសិនជាគេមានកូន ឬភរិយាទៀត គឺឈប់ឈឺចាប់តទៅទៀត។ ក៏ប៉ុន្តែបើសិនថា ជាគេបានបាត់បង់ទោះជាយូរយារមកហើយក្តី ព្រះបិតា មាតា គេនៅតែឈឺចុកចាប់ដោយឥតស្រាកស្រាន្តឡើយ ព្រោះអ្នកទាំងនោះមិនអាចជំនួសបាន” (គាថា CCXXIV)។
“ដូច្នោះហើយ ដើម្បីរំលឹកគុណបិតាមាតារបស់ខ្ញុំ ព្រះករុណាខ្ញុំដែលមានសន្តានចិត្តល្អពុំអាចកាត់តម្លៃបាន ហើយប្រកបដោយការគោរពឥតគណនានោះ ខ្ញុំព្រះករុណាខ្ញុំសូមថ្វាយបុណ្យកុសលទាំងនេះជូនចំពោះរូបពួកគាត់។ ព្រះមហាក្សត្រ បើសិនជាមានកតញ្ញូតាធម៌មែនពិត អាចរក្សា និងទទួលបាននូវមគ្គផលទាំងនោះ ជាពិសេសសម្រាប់អ្នកដែលប្រតិបត្តិធម៌ (គាថា CLXXV)”។
សញ្ញាណនៃសក្ខីភាពនៃការដឹងគុណ ព្រមទាំងសប្បុរសធម៌របស់ស្តេចអង្គនេះ ក៏អាចបញ្ជាក់តាមខ្លឹមសារនៃគាថាពីរទៀត នៅសិលាចារឹកព្រះខ័ន ដែលត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធរបស់ព្រះបិតា របស់ព្រះអង្គ។
“ព្រះរាជានិងម្ចាស់ភូមិករទាំងឡាយថ្វាយអំណោយដោយទឹកចិត្តបរិសុទ្ធ ជ្រះថ្លា ៥៣២៤ ភូមិ (គាថា LXXIII)” ព្រមទាំងមានការចែកចាយអង្ករដល់បុគ្គលដែលរស់នៅជាមួយគ្រូ និងអ្នករៀន (គាថា CII)។
យោងលើទិន្នន័យជាក់ស្តែងទាំងនេះ យើងអាចស្វែងយល់អំពីគុណធម៌ដ៏មហិមារបស់ព្រះបាទជ័យវរ្ម័នទី៧ ចំពោះបុព្វការីជនដែលបានឲ្យកំណើតព្រះអង្គ ហើយដែលបានកសាងប្រទេសកម្ពុជាដោយសាច់ស្រស់ ឈាមស្រស់របស់ខ្លួន ព្រមទាំងបានកសាងវប្បធម៌ អារ្យធម៌មួយដ៏មហារុងរឿងថ្កុំថ្កើង៕ (ម.ត្រាណេ)
0 comments:
Post a Comment