នាយ ពែកមី ក្លាយជាតារា Town ពេញសិទ្ធិ Trackback
មុននេះបន្តិច តារាកំប្លែងលេចធ្លោនាយ ពែកមី មិនហ៊ានទទួលស្គាល់ខ្លួនឯងចំពោះវត្តមាននៅក្នុងផលិតកម្ម Town នោះទេ ដោយហេតុផលមិនទាន់ច្បាស់លាស់ និងខ្លាចភាគីខាង CTN អន់ចិត្ត។ ទោះបីជាយ៉ាងណា មន្ទិលទាំងអស់ត្រូវបានបញ្ចប់ ដោយ នាយ ទើបនឹងបញ្ជាក់កាលពីពេលថ្មីៗនេះ។នាយ ពែកមី ថ្លែងថា “ខ្ញុំពេញសិទ្ធិហើយ គ្រាន់តែមិនមានកុងត្រាប៉ុណ្ណោះ”។
នាយ លើកឡើងថា៖ “ខាងផលិតកម្មឲ្យខ្ញុំច្រៀងម្នាក់ឯងផង ជាមួយកញ្ញា មាស សុខសោភា ក៏មាន និងច្រៀងជាមួយលោក សុគន្ធ ថេរ៉ាយុ សរុបទៅបាន ៤ បទដែរ”។ នាយបានបញ្ជាក់ទៀតថា បទចម្រៀងទាំងនេះ ត្រូវបានខាងផលិតកម្មត្រៀមចេញចរាចរណ៍លើទីផ្សារក្នុងពេលដ៏ឆាប់ នេះ ដើម្បីអបអរឱកាសចូលឆ្នាំខ្មែរខាងមុខ។
នេះជាអាជីពបន្ថែម មួយទៀតរបស់នាយ បន្ទាប់ពីអាជីពជាតារាកំប្លែងលើកញ្ចក់ទូរទស្សន៍ CTN និងការថតខ្សែភាពយន្ត ដែលកំពុងតែមានការគាំទ្រយ៉ាងច្រើននោះ។ ទោះបីជាយ៉ាងណា តារាកំប្លែងរូបនេះបានអះអាងថា មិនឲ្យមានការប៉ះទង្គិចជាមួយការងារជាស្នូលនៅទ្រនំចាស់នោះទេ។ ម្យ៉ាងទៀត ខាងផលិតកម្មក៏មានការអនុគ្រោះរូបនាយច្រើនដែរ។
នាយ បានបន្ថែមថា៖ “នៅ CTN ខ្ញុំរវល់តែថ្ងៃសៅរ៍ និងថ្ងៃអង្គារប៉ុណ្ណោះ។ ចំណែកផលិតកម្ម Town ចង់ថតពេលណាក៏បាន គេលើកលែងឲ្យ”។ ម្យ៉ាងទៀត ពេលនេះមេកោយរបស់នាយនៅខាងស្ថានីយទូរទស្សន៍ CTN ក៏បានជ្រាបពីរឿងរ៉ាវនេះរួចហើយដែរ ហើយពួកគាត់ក៏មិនបានសម្ដែងការអន់ចិត្តដូចការគិតរបស់នាយពី ដំបូងឡើយ។
នាយ បានព្រលយឲ្យដឹងទៀតថា នៅទីនោះមិនមែនមានតែនាយនោះទេ សូម្បីតែអ្នកនាងខ្ញុង និងនាយគ្រឿន ដែលប្អូនប្រុសបង្កើតរបស់នាយ ពួកគេក៏មានបទចម្រៀងដែរ។ ហើយសម្រាប់នាយវិញ នឹងមានបទចម្រៀងចេញជាបន្តបន្ទាប់ទៀត នៅក្រោយឱកាសបុណ្យចូលឆ្នាំខ្មែរទៀត ដែលនេះជាឱកាសសម្រាប់នាយដើម្បីឈានជើងកាន់តែរឹងមាំក្នុងវិស័យ ចម្រៀង។
Sabay មិនអាចសុំការបញ្ជាក់ពីខាងផលិតកម្ម Town បានទេកាលពីរសៀលម្សិលមិញនេះ ជុំវិញការបោះជំហានចូលផលិតកម្ម Town របស់ ពែកមី។ ប៉ុន្តែនៅក្នុងបណ្ដាញសង្គម Facebookតារាចម្រៀងស្រីល្បីឈ្មោះនាង មាស សុខសោភា បានបញ្ជាក់ប្រាប់Fans ដែលប្រើប្រាស់បណ្ដាញសង្គមមួយនេះថា បទចម្រៀងរបស់នាង ដែលច្រៀងរួមគ្នាជាមួយនាយ ពែកមី នឹងមកដល់ឆាប់ៗនេះហើយ។
ទោះបីជាពេលវេលានៃជំហានជាតារាកំប្លែងក្នុងរយៈមិនយូរប៉ុន្មានក៏ដោយ ប៉ុន្តែនាយពែកមី ហាក់ទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។ ក្នុងអាជីពបន្ថែមថ្មីនេះ នាយស្នើឲ្យទស្សនិកជនជួយគាំទ្ររូបនាយផង៕
0 comments:
Post a Comment