យុវតីវ័យក្មេង ជាសិស្សពូកែអគ្គិសនីថ្នាក់ជាតិទទួលបានចំណាត់ថ្នាក់លេខ៣ Trackback
អ្នក
សិក្សាជំនាញអគ្គិសនី និងអេឡិចត្រូនិកភាគច្រើន
ដែលយើងធ្លាប់ជួបប្រទះគឺជា បុរសៗ។
គេច្រើនហៅជំនាញទាំងពីរនេះថា ជាជំនាញសម្រាប់បុរសៗ
ពោលគឺកម្រឃើញមាននារីសិក្សាណាស់។ នេះជារឿងចម្លែកដែរ ដែលមានយុវតីម្នាក់សម្រេចចិត្តរៀនជំនាញអេឡិចត្រូនិកផង
និងអគ្គិសនីផង ហើយអ្វីដែលគួរឲ្យស្ងើចសរសើរនោះគឺកញ្ញា
បានប្រឡងប្រជែងជាមួយសិស្សបុរសៗជាច្រើននាក់ទៀត
រហូតទទួលបានចំណាត់ថ្នាក់លេខ៣ទូទាំងប្រទេសក្នុងកម្មវិធី Work
Skill 2012 លើជំនាញអគ្គិសនី។
កញ្ញា
វឿន ស៊ីនាថ ជាអ្នកស្រុកកំពង់ចាម ស្រុកក្រូចឆ្មា
មានវ័យប្រមាណ ២០ឆ្នាំ បានរៀបរាប់ប្រាប់ sabay ថា
កញ្ញាជាសិស្សមជ្ឈមណ្ឌលក្រមង៉ុយ
ដែលទើបតែបានប្រឡងជាប់បានចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស
ក្នុងកម្មវិធី Work Skill 2012
កាលពីពេលខែកញ្ញាកន្លងទៅលើជំនាញអគ្គិសនី។ កញ្ញា ប្រាប់ថា
នេះគឺជាសមិទ្ធផលសិក្សាដែលទទួលបានផ្លែផ្កាដ៏គាប់ប្រសើរ
បើទោះបីជាកញ្ញាមិនបានទទួលចំណាត់ថ្នាក់លេខមួយក្ដី។
ស៊ីនាថ អនុវត្តការងារជាក់ស្ដែងពេលប្រឡងថ្នាក់ជាតិ Work Skill 2012
ស៊ីនាថ
បានបន្ថែមទៀតថា ថ្វីត្បិតតែកញ្ញាជាស្ត្រី
ហើយជំនាញអគ្គិសនីគឺជំនាញសម្រាប់ប្រុសៗ តែសម្រាប់កញ្ញា
មិនបានគិតថាទាល់តែប្រុសៗ ទើបរៀនបាននោះទេ។ កញ្ញា
បានប្រាប់ទៀតថា ៖”តាមពិតទៅបង!
ខ្ញុំមិនមែនចូលចិត្តជំនាញអគ្គិសនីទេ
ពោលគឺគ្មានចំណង់ចង់រៀនកាលពីតូចនោះឡើយ
តែដល់ឡើងមករៀនទៅក៏ចេះតែខំទៅរហូតដល់ទទួលបានលទ្ធផល
ប៉ុណ្ណេះ”។
ស៊ីនាថ
រំលឹកប្រវត្តិសិក្សារបស់ខ្លួនថា
ខ្លួនប្រឡងមិនបានលទ្ធផលល្អប្រសើរទេកាលពីរៀននៅថ្នាក់បាក់
ឌុបក្នុងឆ្នាំសិក្សា២០១០ ពោលគឺទទួលបានត្រឹមតែនិទ្ទេស E
ប៉ុណ្ណោះ។ កញ្ញា បន្តថា
កាលពីរៀននៅបឋមសិក្សាទទួលបានល្អគ្រាន់បើតែដល់ពេលឡើងមករៀន
នៅអនុវិទ្យាល័យ និងវិទ្យាល័យមិនសូវបានលទ្ធផលល្អប៉ុន្មាននោះទេ
ព្រោះថា
គ្រួសារពុំមានលុយគ្រប់គ្រាន់ឲ្យប្អូនរៀនបន្ថែមក្រៅម៉ោង
និងម្យ៉ាងទៀតគឺប្អូនត្រូវជួយធ្វើស្រែចម្ការឪពុកម្ដាយទៀត។
ថ្វី
ត្បិតតែជាកូនកសិករ
ដែលឪពុកម្ដាយពុំមានជីវភាពធូរធារអាចផ្គត់ផ្គង់គ្រប់គ្រាន់ការ
សិក្សាដល់ប្អូន តែបន្ទាប់ពីបានមករៀនជំនាញអគ្គិសនី
និងអេឡិចត្រូនិកនៅមជ្ឈមណ្ឌលក្រមក្រមង៉ុយរួចមក
ប្អូនបានប្រឹងប្រែងរៀនសូត្ររហូតទទួលលទ្ធផលល្អប្រសើរ។
ស៊ីនាថ
បញ្ជាក់ ៖”លទ្ធផលបានល្អនេះ មិនមែនបានមកពីណាទេ
គឺបានពីការខិតខំប្រឹងប្រែងតែម្ដង។ ខ្ញុំគ្មានដុងពីកំណើតទេ
ហើយខ្ញុំក៏មិនដែលធ្លាប់គិតចង់រៀនជំនាញនេះដែរ។
តែដល់បានរៀនទៅ ខ្ញុំខំជានិច្ច។ ពេលព្រឹកខ្ញុំរៀនពីម៉ោង ៩
ដល់ ១២ ដល់ពេលរសៀលពីម៉ោង ២ រហូតដល់ម៉ោង ៤
និងពេលយប់ពីម៉ោង ៧ រហូតដល់ម៉ោង ១១
ឬ១២យប់ឯណោះ…រៀនទាំងទ្រឹស្ដី ទាំងអនុវត្តន៍តែម្ដង”។
នៅ
ពេលដែលសួរថា តើប្អូនមានកង្វល់ទេ
ថាប្អូនអាចនឹងមិនត្រូវគេជ្រើសរើសឲ្យធ្វើការងារ
ព្រោះថាជំនាញនេះគេត្រូវការតែប្រុសៗនោះ? ស៊ីនាថ
ប្រាប់ទាំងមិនស្ទាក់ស្ទើរថា មិនបារម្ភសូម្បីតែបន្តិចនោះទេ។
ស៊ី នាថ លើកឡើងដូច្នេះ ៖”អត់ភ័យទេ!
ខ្ញុំអត់បារម្ភខ្លាចគេមិនឲ្យធ្វើការងារនោះទេ។
ទីផ្សារការងារនឹងកាន់តែសម្បូរនៅពេលដែលគេធ្វើសមាហរណកម្មអាស៊ាន
ឆ្នាំ២០១៥ ដូច្នេះមិនថាស្រី មិនថាប្រុសទេ
គេប្រាកដជាត្រូវការទាំងអស់ហើយ ម្យ៉ាងទៀតស្រុកខ្មែរអ្នករៀន
និងអ្នកជំនាញផ្នែកនេះនៅមានតិចនៅឡើយ”។
ស៊ីនាថ បានទទួលសញ្ញាបត្រប្រឡងបានលេខ៣ ក្នុងកម្មវិធី Work Skill 2012
កម្មវិធី
ជំនាញកម្ពុជា Work Skill
ជាកម្មវិធីប្រកួតប្រជែងជ្រើសរើសសិស្សឆ្នើមដែលបានប្រមូល
ផ្ដុំទៅដោយនិស្សិត និងសិស្សជំនាញបច្ចេកទេសអគ្គិសនី
ឆ្នើមជ្រើសចេញពី គ្រឹះស្ថានអប់រំរដ្ឋ
និងឯកជននៅក្នុងប្រទេសកម្ពុជា
ជាច្រើនមកប្រកួតប្រជែងលើការអនុវត្តន៍ជាក់ស្ដែង
ហើយកម្មវិធីនេះរៀបចំឡើងដោយក្រសួងការងារ
និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កើតឡើងកាលពីឆ្នាំ២០១០។
សាលាទាំងនោះមានដូចជា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
(NPIC) មជ្ឈមណ្ឌលក្រម ង៉ុយ និងមជ្ឈមណ្ឌលកម្ពុជា-ថៃជាដើម។
កម្មវិធីនេះ ខាងសាលារៀបចំជារៀងរាល់ឆ្នាំ
ហើយមានគ្រឹះស្ថានច្រើនជាងនេះចូលរួម។
អ្នក
ដែលប្រឡងជាប់លេខ ១ ត្រូវទៅប្រឡងបន្តថ្នាក់តំបន់អាស៊ាន
ដែលប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ។ សម្រាប់ឆ្នាំ២០១២នេះ
គឺចំណាត់ពីលេខ ១ ដល់លេខ ៣
បានទៅលើសិស្សមជ្ឈមណ្ឌលក្រមង៉ុយទាំងអស់។
ស៊ីនាថ អនុវត្តការងារជាក់ស្ដែងពេលប្រឡងថ្នាក់ជាតិ Work Skill 2012
កញ្ញា
ស៊ីនាថ បានបន្តទៀតថា សព្វថ្លៃខ្លួនកំពុងរៀនផង
និងបង្រៀនសិស្សផងនៅមជ្ឈមណ្ឌលក្រមង៉ុយ។ កញ្ញា
បានទទួលប្រាក់ឧបត្ថម្ភប្រមាណ ៤០ដុល្លារអាមេរិកក្នុងមួយខែ។
ក្រៅពីនេះសាលា ក៏បានផ្ដល់បាយ និងកន្លែងស្នាក់នៅឲ្យផងដែរ។
យុវតី
ម្នាក់នេះ បានប្រាប់ពីបំណងទៅថ្ងៃអនាគតថា
រូបគេចង់ក្លាយជាគ្រូបង្រៀនអគ្គិសនី
និងចង់បន្តយកថ្នាក់បរិញ្ញាបត្រផ្នែកអគ្គិសនីបន្តទៀត៕
0 comments:
Post a Comment