អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Friday, March 29, 2013

ឈិន​ឡុង ជោគ​ជ័យ​​​តាំង​ពី​អាយុ​៥​ឆ្នាំ Trackback

ប្រិយមិត្ត ​ភាគ​ច្រើន​ប្រាកដ​ជា​ស្គាល់​តារា​សម្ដែង​វាយតប់​បែប​កំប្លែង​ឈ្មោះ​ Jackie Chan​ ហៅ​ក្រៅ​ថា​ឈិនឡុង​តាម​រយៈ​រឿង​ហុង​កុង ​ឬ​រឿង​ហូលីវូដល្បី​ៗ​ផ្សេងៗ​រួច​មក​ហើយ។ ក៏​ប៉ុន្តែ​ប្រិយមិត្ត​មាន​ដឹង​ថា​តើ​គាត់​មាន​ប្រវត្តិ​មក​ពី​ណា​ ឬ​កាល​មុន​ពេល​ចូល​សម្ដែង​គាត់​បាន​ធ្វើ​អ្វី​ ឬ​ក៏​ជីវិត​គាត់​ទទួល​បាន​ភាព​ជោគជ័យ​លើ​អ្វី​ខ្លះ​ទេ?
ថ្ងៃ​នេះ​ Sabay​ នឹង​ណែ​នាំ​ឲ្យ​ប្រិយ​មិត្ត​បាន​ស្គាល់​តារា​សម្ដែង​អន្តរជាតិ​ដ៏​ល្បី​នេះ​ឲ្យ​កាន់​តែ​ច្បាស់​ជាង​មុន។
ប្រវត្តិ​សង្ខេប
ឈ្មោះថ្ងៃ​ខែ​ឆ្នាំ​កំណើតទី​កន្លែង​កំណើតឪពុក​ម្ដាយអាជីព
Chan Kong-sang Jackie Chan៧ មេសា ១៩៥៤
(បច្ចុប្បន្ន​អាយុ​ ៥៨​ឆ្នាំ)
ស្រុក​ Victoria Peak​ នៃ​ទីក្រុង​ហុងកុងឪពុក​ Charles និង​ ម្ដាយ​ Lee Lee Chanតារា​សម្ដែង​ អ្នក​ដឹកនាំ​រឿង​ អ្នក​សរសេរ​សាច់រឿង​ តារា​ចម្រៀង
ដំណើរ​ជីវិត​កាល​នៅ​វ័យ​ក្មេង
Jackie Chan​ ឬ​ឈិនឡុង​គឺ​ជា​កូន​ទោល​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ម្ដាយ​ជា​អ្នក​ រាជការ​ធ្វើ​ការ​នៅ​ស្ថានទូត​បារាំង​ប្រចាំ​ទី​ក្រុង​ហុងកុង។​ កាល​នៅ​ក្មេង​ឪពុក​ម្ដាយ​គាត់​ហៅ​ឈ្មោះ​គាត់​ថា​ ប៉ាវ​ប៉ាវ។
Chan​ បាន​ចូលរៀន​នៅ​សាលា​បឋម​សិក្សា​ Nah-Hwa​ នៅ​លើ​កោះ​ហុងកុង​ ក៏​ប៉ុន្តែ​គាត់​រៀន​ធ្លាក់​ថ្នាក់​ទី​១។ ក្រោយ​មក​ឪពុក​ម្ដាយ​គាត់​ក៏​យក​គាត់​ចេញ​ពី​សាលា​នោះ។ នៅ​ក្នុង​ឆ្នាំ​១៩៦០​ ឪពុក​របស់​ Chan​ បាន​ទៅ​ប្រទេស​អូស្ត្រាលី​ដើម្បី​ធ្វើ​ជា​ចុងភៅ​ រី​ឯ ​Chan​ ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​សាលា​សិល្បៈ​ China Drama Academy​ នៃ​ទី​ក្រុង​ហុងកុង។ នៅ​សាលា​នោះ​ Chan​ បាន​ប្រឹង​ប្រែង​រហូត​ក្លាយ​ជា​សិស្ស​ពូកែ​ហើយ​ត្រូវ​បាន​ខាង​សាលា​ជ្រើស​ ឲ្យ​ចូល​រួម​ក្រុម​សម្ដែង​ប្រមូល​ផ្ដុំ​ដោយ​សិស្ស​ពូកែ​របស់​សាលា។
អាជីព​នៅ​ក្នុង​សិល្បៈ​ និង​ភាព​ជោគជ័យ
Jackie Chan​ ចាប់​សម្ដែង​តាំង​ពី​អាយុ​ ៥​ឆ្នាំ​មក​ម្ល៉េះ​។ ពេល​អាយុ​៨​ឆ្នាំ​ Chan​ បាន​សម្ដែង​នៅ​ក្នុង​រឿង​ “Little Fortunes”​ ហើយ​និង​ “Big and Little Wong Tin Bar”​ ក្នុង​ឆ្នាំ​១៩៦២​ ហើយ​ក៏​បាន​សម្ដែង​នៅ​ក្នុង​រឿង​ផ្សេងៗ​ជា​បន្តបន្ទាប់។  នៅ​ក្នុង​ឆ្នាំ​១៩៧១​ Chan​ បាន​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​សម្ដែង​ពេញ​វ័យ​នៅ​ពេល​គេ​មាន​អាយុ​ ១៧​ឆ្នាំ​ហើយ​បាន​ចុះ​កុង​ត្រា​ជាមួយ​នឹង​ផលិតកម្ម​ Great Earth Film Company​។
ពេល​មាន​អាយុ​ ១៧​ឆ្នាំ​នោះ​ Chan​ បាន​ធ្វើ​ការ​ជា​អ្នក​សម្ដែង​ជំនួស​ឲ្យ​តារា​សម្ដែង​វាយ​តប់​ដ៏​ល្បី​ល្បាញ​ Bruce Lee​ ដែល​ប្រិយមិត្ត​ភាគ​ច្រើន​ហៅ​គាត់​ថា​ លី​ ស៊ាវវ​ឡុង។ នៅ​ក្នុង​ឆ្នាំ​នោះ​ផង​ដែរ​ Chan​ ទទួល​បាន​ការ​សម្ដែង​ជា​តួ​ឯក​ជា​លើក​ដំបូង​នៅ​ក្នុង​រឿង​ “Little Tiger of Canton”។នៅ​ក្នុង​ឆ្នាំ​ ១៩៧៦​ Chan​ បាន​សម្ដែង​នៅ​ក្នុង​រឿង​ជាមួយ​តារា​សម្ដែង​ លី​ ស៊ាវ​ឡុង​ ក្នុង​រឿង​ “Fist of Fury​” ដែល​ក្នុង​នោះ​ Chan​ សម្ដែង​ជា​តួ​ដែល​មាន​ឈ្មោះ​ថា​ ឈិន​ឡុង​ ដែល​ត្រូវ​បាន​ទស្សនិកជន​ហៅ​មក​ទល់​បច្ចុប្បន្ន​នេះ​ទៅ។ Chan​ ក៏​បាន​ថត​​រឿង​ល្បី​ៗ​ជា​ច្រើន​នៅ​ក្នុង​ឆ្នាំ​បន្តបន្ទាប់។
  • ជោគ​ជ័យ​ក្នុង​ហូលីវូដ​
Chan ​ បាន​ចូល​សម្ដែង​ក្នុង​ភាពយន្ត​ហូលីវូដជា​លើក​ដំបូង​នៅ​ក្នុង​ទសវត្សរ៍​៨០។ ភាពយន្ត​ហូលីវូដ​ដំបូង​ដែល​ Chan​ បាន​ថត​គឺ​” Battler Creek Brawl​”។ ក្រោយ​មក​ក៏​បាន​សម្ដែង​នៅ​ក្នុង​រឿង​ “The Cannonball Gun”​ ដែល​រក​លុយ​បាន​ ១០០​លាន​ដុល្លារ​នៅ​សហរដ្ឋ​អាមេរិក។ នៅ​ឯ​ហុងកុង​វិញ​ ភាពយន្ត​របស់​ Chan​ ទទួល​បាន​ជោគជ័យ​ក្រៃលែង។ នៅ​ក្នុង​ឆ្នាំ​ ១៩៨៣​ Chan​ បាន​ចាប់​ផ្ដើម​សម្ដែង​ជា​តួ​វាយ​តប់​បែប​កំប្លែង​នៅ​ក្នុង​រឿង​ “Project A​” ជា​លើក​ដំបូង។​
ក្រោយ​មក​ Chan​ បាន​សម្ដែង​នៅ​ភាពយន្ត​ដែល​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​បន្តបន្ទាប់​មាន​ដូច ​ជា​ “Police Story 2″​ ដែល​ធ្វើ​ឲ្យ​ Chan​ ឈ្នះ​ពាន​រង្វាន់​នៅ​ក្នុង​ឆ្នាំ​ ១៩៨៩​ ” Armour of God 2″ ​ និង​ “Police Story 3″​ ដែល​ Chan​ ទទួល​ពាន​រង្វាន់​មួយ​ទៀត​សម្រាប់​ការ​សម្ដែង​ក្នុង​ភាពយន្ត​នេះ​នៅ​ក្នុង​ ឆ្នាំ​ ១៩៩៣។
ភាព​ល្បីល្បាញ ​និង​ទេពកោសល្យ​ក្នុង​ការ​សម្ដែង​របស់​ Chan​ ធ្វើ​ឲ្យ​តារា​សម្ដែង​នេះ​ ទទួល​បាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​ក្លានៅ​ក្នុង​ហូលីវូដ។ ចន្លោះ​ឆ្នាំ​ ១៩៩៩ ​និង​២០០៧​ គឺជា​ឆ្នាំ​ដែល​ Chan​ លេច​មុខ​ក្នុង​រឿង​ហូលីវូដ​ល្បី​ៗ​ជា​ច្រើន​ ហើយ​ក៏​ជា​ឆ្នាំ​ដែល​ Chan​ មាន​សក្ដានុពល​ខ្លាំង​ក្នុង​ហូលីវូដ​ដែរ។ រឿង​ហូលីវូដ​ល្បី​ៗ​ដែល​ Chan​ បាន​សម្ដែង​មាន​ដូច​ជា​ “Rush Hour”​ ក្នុង​ឆ្នាំ​១៩៩៨​  “Rush Hour 2″​ ក្នុង​ឆ្នាំ​២០០១​ “Around The World in 80 Days​ “ក្នុង​ឆ្នាំ​២០០៤។
  • ផលិតកម្ម​ផ្ទាល់​ខ្លួន
នៅ ​ក្នុង​ឆ្នាំ​ ២០០៣​ ដោយ​សារ​តែ​មាន​ការ​មិន​ពេញ​ចិត្ត​នឹង​ ហូលីវូដ​ពីព្រោះ​ហូលីវូដ​មិន​ផ្តល់​សិទ្ធ​គ្រប់​គ្រាន់​ឲ្យ​ខ្លួន​ក្នុង​ការ ​គ្រប់គ្រង​លើ​ដំណើរការ​ភាពយន្ត​ និង​ការ​សម្ដែង​ Chan​ ក៏​បាន​បង្កើត​ក្រុមហ៊ុន​ផលិត​ភាពយន្ត​មួយ​ឈ្មោះ​ថា​ JCE Movies Limited (Jackie Chan Emperor Movies Limited)​ សហការ​ជាមួយ​នឹង​ Emperor Multimedia Group។
ភាពយន្ត​ដែល​ Chan​​ ផលិត ​និង​សម្ដែង​ខ្លួន​ឯង​ផ្ទាល់​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ដូច​ជា​ “New Police Stor” (២០០៤), “The Myth” (២០០៥), “Rob-B-Hood” (២០០៦)។ ចំណែក​ឯ​ក្នុង​ឆ្នាំ​ ២០០៧​វិញ​ Chan​ ក៏​បាន​សម្ដែង​នៅ​ក្នុង​រឿង​ Rush Hour 3″​ ដែល​រក​ចំណូល​បាន​ដល់​ទៅ​ ២៥៥​លាន​ដុល្លារ​អាមេរិក។
បទ​ពិសោធន៍​ថ្មី
នៅ​ក្នុង​ឆ្នាំ​ ២០០៨​ Chan​ បាន​សម្ដែង​នៅ​ក្នុង​រឿង​ “The Forbidden Kingdom”​ ជាមួយ​នឹង​តារា​សម្ដែង​វាយ​តប់​បែប​កុង​ហ្វូ​គឺ​ Jet Li​។ ក្នុង​ឆ្នាំ​ដដែល​Chan​ បាន​បញ្ចូល​សំឡេង​ឲ្យ​តួ​តុក្កតា​គ្រូ​ក្បាច់​គុន​របស់​ខ្លា​ឃ្មុំ​ Panda​ នៅ​ក្នុង​រឿង​ “Kong Fu Panda” ​ ។ ក្នុង​ឆ្នាំ​ ២០០៩​ Chan​ បាន​សម្ដែង​ក្នុង​រឿង​ The “Karate Kid”​ ដែល​រឿង​នេះ ​បាន​ចេញ​នៅ​ឆ្នាំ​ ២០១០។ ភាពយន្ត​ទី​ ១០០​របស់​ Chan​ ដែល​មាន​ចំណង​ជើង​ថា​ “១៩១១” ​បាន​ចេញ​ចរាចរ​នៅ​ថ្ងៃ​ទី​ ២៦​ខែ​កញ្ញា​ឆ្នាំ​ ២០១១​ ដែល​ក្នុង​នោះ​ Chan​ គឺ​ជា​អ្នក​ផលិត​ អ្នក​រៀបចំ​សម្ដែង​ និង​ជា​អ្នក​សម្ដែង​ផ្ទាល់។
Chan ​​ បាន​ទទួល​ពាន​រង្វាន់​ Nickelodeon’s Kids’ Choice Awards​ នៅ​ក្នុង​ឆ្នាំ​ ២០១១​សម្រាប់​រឿង​  “The Karate Kid​”។ នៅ​ក្នុង​ឆ្នាំ​២០១២​ ខណៈ​ពេល​ចូលរួម​កម្មវិធី​ Cannes Film Festival​ លោក Chan​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​ចូល​និវត្តន៍​ពី​ការ​សម្ដែង​រឿង​វាយ​តប់​គ្នា​ ដោយ​សារ​តែ​ខ្លួន​មាន​វ័យ​ចាស់​ទៅ​ហើយ។ ក៏​ប៉ុន្តែ​ក្រោយ​មក​ Chan​ បាន​និយាយ​វិញ​ថា​ ខ្លួន​នឹង​មិន​ឈប់​សម្ដែង​តែ​ម្ដង​នោះ​ទេ​ គឺ​គ្រាន់​តែ​សម្ដែង​តិច​តួច​​ប៉ុណ្ណោះ​ ពី​ព្រោះ​ចង់​ថែ​រក្សា​រាងកាយ​របស់​ខ្លួន។
Chan​ បាន​ទទួល​ពាន​សរុប​ចំនួន​ ២៧​ ពី​ការ​សម្ដែង​និង​ការ​ដឹក​នាំ​របស់​លោក។

ចេះប្រើ Dropbox ហើយ​ឬ​នៅ? Trackback

អត្ថបទ​មុន Sabay ធ្លាប់​បាន​ចុះ​ផ្សាយ​រួច​មក​ហើយ​អំពី​សេវាកម្ម Cloud Storage របស់​ក្រុមហ៊ុន​នានា ជាមួយ​​មុខងារពិសេស​អាច​​ Store ​ទិន្នន័យ​លើ​​អនឡាញ បាន​ងាយស្រួលដោយ​​ពុំ​ចាំ​បាច់​យក Removable Device តាម​ខ្លួន​ឡើយ។
ពេល ​នេះ Sabay សូម​បង្ហាញ​ពី Dropbox ជា​សេវាកម្ម​មួយ​​ក្នុង​ចំណោម​សេវាកម្ម Cloud Storage ដ៏​ពេញនិយម មក​បង្ហាញ​ជូន​ដល់​ប្រិយមិត្ត​ បាន​ដឹង​ពី​របៀប​បង្កើត​គណនី​របស់​សេវាកម្ម​មួយ​នេះ។
Dropbox ការ register មាន​ពីរ​ទម្រង់​ពោល​គឺ register នៅ​លើ​កុំព្យូទ័រ​ក៏​បាន និង​ទូរសព្ទ​បាន​ដូច​គ្នា។ Dropbox អាច​ដំណើរការ​បាន​នៅ​លើ Windows, Mac និង​ប្រព័ន្ធ​ប្រតិបត្តិការ Linux ហើយ​ក៏​អាច​ប្រើ​បាន​នៅ​លើ smartphone ដែល​ដំណើរការ​ដោយ Android, iOS និង BlackBerry។
Sabay នឹង​លើក​យក​ការ register នៅ​លើ​កុំព្យូទ័រ​ដែល​ប្រើ Windows OS និង​ទូរសព្ទ​ដែល​ប្រើ Android OS មក​បង្ហាញ​ជូន​បន្តបន្ទាប់​ដូច​ខាង​ក្រោម៖
1) បើក ​កម្មវិធី Browser (IE, Firefox, Google Chrome, Safari, Opera, …) រួច​ចូល​ទៅ​កាន់​គេហទំព័រ www.dropbox.com។ បន្ទាប់​មក​បំពេញ​ព័ត៌មាន​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ​មាន​ដូច​ជា៖ ឈ្មោះ (First Name, Last Name), អ៊ីមែល, លេខ​សំងាត់ (password)។ រួច​ហើយ​ចុច​យក I agree to Dropbox Terms ដោយ​ធីក​ពី​លើ​វា និង​ចុច​លើប៊ូតុង Sign Up ដូច​រូប​ខាង​ក្រោម៖
2) បន្ទាប់​ពី​នោះ​អ្នក​នឹង​ទទួល​បាន​គណនី​ Dropbox ថ្មី​មួយ​ជា​មួយ​ទំហំ​ផ្ទុក​ទិន្នន័យ 2GB ដោយ​ឥត​គិត​ថ្លៃ​ភ្លាម។ ពេល​ដែល Log ចូល​គណនី​ថ្មី​ដែល​ទើប​បង្កើត​ភ្លាម​នោះ​នឹង​ចេញ​ផ្ទាំង Download ថ្មី​មួយ​ដែល​អាច​ឱ្យ​អ្នក​ទាញ​យក​មក​ដំឡើង​ប្រើ​នៅ​លើ​កុំព្យូទ័រ​ដោយ​ ផ្ទាល់​បាន។ មាន​ន័យ​ថា លោក​អ្នក​ពុំ​ចាំ​បាច់​បើក​ចូល dropbox តាម Browser ក៏​អាច upload បាន​ដែរ ពោល​គឺ​ប្រើប្រាស់​កម្មវិធី dropbox នៅ​លើ​ម៉ាស៊ីន​ដោយ​ផ្ទាល់។ ពេល​ដែល​ដំឡើង​កម្មវិធី​នេះ​រួច​ហើយ នោះ​នឹង​មាន​ថត​ឯកសារ (Folder) សម្រាប់​ឱ្យ​អ្នក​អាច upload បាន​ដោយ​គ្រាន់​តែ Copy ទៅ​ដាក់​នៅ​ក្នុង​ថត​នោះ​ជា​ការ​ស្រេច។ ខាង​ក្រោម​នេះ ជា​របៀប upload ឯកសារ​តាម Browse និង តាម​កម្មវិធី dropbox ដែល​បាន install នៅ​លើ​កុំព្យូទ័រ​របស់​អ្នក៖
ក) upload តាម browser៖ ចូល​ទៅ​កាន់ home របស់ dropbox រួច​ហើយ​ចុច​លើ​ប៊ូតុង upload។ នៅ​ពេល​នោះ​នឹង​បង្ហាញ​ផ្ទាំង​ដែល​ត្រូវ brows ទៅ​រក​ឯកសារ​ដែល​ចង់ upload។ រួច​ហើយ​ចុច​លើ​ប៊ូតុង Ok ជា​ការ​ស្រេច។ ចំណាំ៖ អ្នក​ក៏​អាច​បង្កើត Folder បាន​ផង​ដែរ ដើម្បី​កំណត់​ជា​បណ្ដុំ​ប្រភេទ​ឯកសារ​ដូច​គ្នា។ ឧទាហរណ៍៖ បណ្ដុំ​ចម្រៀង, បណ្ដុំ​កម្មវិធី … ដើម្បី​បង្កើត folder ថ្មី​ត្រូវ​ចុច​លើ​ប៊ូតុង “new folder” រួច​បញ្ចូល​ឈ្មោះ​ដែល​ចង់​កំណត់​ជា​ការ​ស្រេច។
—————————————————————————————————————
——————————————————————————————————————
——————————————————————————————————————
——————————————————————————————————————
ខ) upload តាម​កម្មវិធី dropbox ដែល​មាន​នៅ​លើ​កុំព្យូទ័រ៖ នៅ ​ខណៈ​ពេល​ដែល​លោក​អ្នក​ដំឡើង​កម្មវិធី dropbox នៅ​លើ​កុំព្យូទ័រ​ពេល​នោះ នឹង​ឱ្យ​អ្នក​កំណត់​ទីតាំង folder របស់ dropbox។ folder dropbox នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ក្នុង​ការ upload បាន​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់​តែ​ចម្លង​ឯកសារ​ទៅ​ដាក់​ក្នុង​ថត​នោះ​ជា​ការ​ ស្រេច។
—————————————————————————————————————-
——————————————————————————————————————-
———————————————————————————————————————–
រួច​រើស​ទីតាំង​ដែល​ចង់​កំណត់​ (ជា folder របស់​កម្មវិធី dropbox)
រួច​ហើយចុច​លើ Install បន្ទាប់​មក​ចុច​លើ​ប៊ូតុង Next ចំនួន ៤ដង និង Finish ម្ដង​ជា​ការស្រេច
(ចំណាំ៖ លោក​អ្នក​​អាច​ copy ឯកសារដែល​ចង់​ upload ទៅ​ដាក់​ក្នុង folder dropbox នោះ​វា​នឹង upload ដោយ​ស្វ័យប្រវត្តិ)
3) តែ​ប្រិយមិត្ត​ក៏​អាច​ប្រើ​កម្មវិធី dropbox ដំឡើង​នៅ​លើ smartphone បាន​ផង​ដែរ។ ដើម្បី​ទាញ​យក dropbox សម្រាប់ Android សូម​ចុច​ត្រង់​នេះ
លោក​អ្នក​អាច​ធ្វើ​ការ upload ឯកសារ​ពី​ទូរសព្ទ​របស់​អ្នក​ដោយ​ផ្ទាល់​បាន។ ងាយ​ស្រួល​មួយ​ទៀត​នោះ​គឺ​ថា កម្មវិធី​សម្រាប់​ទូរសព្ទ​ដៃ​នេះ មាន​នូវ​មុខងារ Camera Upload ផ្ដល់​លក្ខណៈ​ងាយស្រួល​ក្នុង​ការ upload រូប​ភាព​និង​វីដេអូ​ថត​ដោយ​កាមេរ៉ា។
ដើម្បី upload បាន​សូម​ចូល​ទៅ​កាន់​កម្មវិធី dropbox ដែល​មាន​នៅ​លើ​ទូរសព្ទ​ដៃ​របស់​លោក​អ្នក រួច​ហើយ ចុច​លើ​ប៊ូតុង Option។ ភ្លាម​នោះ​នឹង​បង្ហាញ​ផ្ទាំង​ថ្មី​តូច​មួយ​ដែល​មាន​ពាក្យ៖
————————————————————————
- upload here៖ ដើម្បី upload ឯកសារ​ដែល​មាន​នៅ​លើ​ទូរសព្ទ​របស់​អ្នក
ត្រង់​នេះ ប្រសិន​រើស​យក Photos or videos នោះ​នឹង​ Brows ទៅ​រកថត​ឯកសារ​របស់​កាមេរ៉ា​ដែល​មាន​តែ​រូបភាព​ និង​វីដេអូ
- New folder៖ ដើម្បី​បង្កើត​ថត​ឯកសារ (folder) ថ្មី​នៅ​លើ​គណនី dropbox
- New text file៖ បង្កើត​ឯកសារ​ថ្មី (file) នៅ​លើ​គណនី dropbox
- Sort៖ តម្រៀប​តាម​តួរអក្សរ
- Refresth៖ ដើម្បី update
- Help៖ មើល​ការ​ណែនាំ
- Settings៖ ដើម្បី​កំណត់​នូវ​លក្ខណៈ ឬ​មុខ​ងារ​មួយ​ចំនួន​ដូច​ជា៖
-Passcode lock៖ កំណត់​លេខ​សំងាត់​នៅ​ពេល​បើក​កម្មវិធី dropbox
—————————————————————————-
—————————————————————————
———————————————————————-
-Turn On Camera Upload៖ ដើម្បី​កំណត់​ឱ្យ upload នូវ​ឯកសារ​
Cloud Storage គឺ​ជា​វិធីសាស្ត្រ​ថ្មី​ក្នុង​ការ​រក្សា​ឯកសារ​ទុក​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត និង​ដែល​កំពុង​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។ តាម​រយៈ​ការ​ប្រើ Cloud Storage អ្នក​ប្រើ​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រក្សា​ទុក​​ឯកសារ​ផ្ទាល់​ខ្លួន​ សំខាន់ៗ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ដោយ​ពុំ​ចាំបាច់​នាំ​យក​ឧបករណ៍​អេឡិចត្រូនិក​ដូច​ជា (Laptop, HardDisk, CD, Flash…) ទៅ​ជា​មួយ​នោះ​ឡើយ ពោល​គឺ​អាច​ទាញ​ចេញ​ពី Cloud Storage បាន​គ្រប់​ពេល​ ក្នុង​ករណី​មាន​​ភ្ជាប់​សេវា​អ៊ីនធឺណិត។
បន្ត​ស្វែង​យល់​គន្លឹះ​ខ្លីៗ​ដទៃ​ទៀត សូម​ចុច​ត្រង់​នេះ

ទាយមើល៍ ​Win-8 និង​Win-7 មួយ​ណា​ខ្លាំង​ជាង? Trackback

Windows 7 ត្បិត​ជា Operating System ចេញ​មុន Windows 8 ប៉ុន្តែ​នៅ​តែ​មាន​ចំណែក​ទីផ្សារ​ធំ​ជាង Windows 8 នៅ​ឡើយ​ ពោល​គឺ​ក្ដាប់​បាន ៥១,៤១% ខណៈ Windows 8 បាន​ត្រឹម ៤,១២% ប៉ុណ្ណោះ។ ហេតុ​អីទៅ បាន​ជា​ដូច្នេះ ឬ Windows 8 មាន​ចំណុច​ខ្វះ​ខាត​នៅ​មិនទាន់​អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​​ពី​អ្នក​ប្រើប្រាស់​?
មាន​ការ​រំពឹង​ទុក​ជា ​ច្រើន​អំពី​ប្រជាប្រិយភាព Windows 8 មុន​ពេល​ OS នេះ​ ដាក់​ឲ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវការ​ណ៍។ OS ថ្មី​នេះ​​ ទទួល​កំណែ​ប្រែ​ថ្មី​ ជាមួយ​សោភណភាពក្រាហ្វិក​កាន់​តែ​ស្រស់​ស្អាត ជា​ពិសេស​ដំណើរការ​កម្មវិធី​បាន​លឿន​ជាង Windows 7។ ប៉ុន្តែ ទន្ទឹម​គ្នា​នោះ​ក៏​មាន​មតិ​ពី​បណ្ដា​ក្រុមហ៊ុន​ផលិត device ដំណើរការ​ដោយ Operating System មួយ​ចំនួន​ បាន​លើកឡើង​មក​ដែរ​ថា Windows 8 នឹង​ពុំ​ទាន់​អាច​ជ្រាប​ចូល​ទីផ្សារ​ពិភពលោក​ទេ​ក្នុង​ឆ្នាំ២០១២ គឺ​រង់​ចាំ​រហូត​ដល់​ឆ្នាំ២០១៣​ ទើប​មាន​សន្ទុះ។
ប៉ុន្តែ ​ឥឡូវ​ឆ្នាំ ២០១៣ Windows 8 ទើប​តែ​អាច​ពង្រីក​ខ្លួន​បាន​ត្រឹម ៤,១២% ដោយ​ឈរ​ចំណាត់​ថ្នាក់​ទី ៥ ប៉ុណ្ណោះ​ បើ​ធៀប​នឹង Operating System ល្បី​ដទៃ​ទៀត​ ខណៈ Windows 7 កំពុង​ក្ដាប់​ចំណែក​ទីផ្សារ​បាន​ច្រើន​ជាង Windows 8 រហូត​ដល់ ១០ដង​ជាង​ឯ​ណោះ​គឺ​បាន ៥១,៤១%។
យ៉ាង​ណា​មិញ​ថ្មីៗ​នេះ Microsoft បាន​ចេញ​មុខ​អះអាង​បញ្ជាក់​អំពី​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​មួយ​ទៀត​បន្ទាប់​ពី Windows 8 នោះ​គឺ Windows Blue ថា​ឥឡូវ​នេះ​ក្រុមហ៊ុន​​កំពុង​អភិវឌ្ឍ​ឡើង​មក តែ​ពុំ​បាន​បញ្ជាក់​ពី​ពេលវេលា​សម្រេច​បាន​ពេញ​លេញ​នៅ​ឡើយ​ទេ។ វា​ជា version OS ថ្មី​ដែល​នឹង​​ធ្វើ​ការ upgrade លើ Windows 8 លើ​ software ​មួយ​ចំនួន​ដូច​ជា៖ Internet Explorer, Hotmail, SkyDrive, Windows Phone និង Windows Server ជា​ដើម។
ផ្អែក​តាម​របាយការណ៍​មុនៗ​លើកឡើង​ថា Windows Blue ដែល​ជា OS ជំនាន់​ថ្មី​ចុង​ក្រោយ​របស់ Microsoft នឹង​មាន version ៧ ផ្សេង​គ្នា​រួម​មាន៖ Windows Blue, RT, Personal, Professional, Standard, Server, Enterprise Server, Datacenter Server និង Web Server។ គម្រោង​ផលិត OS ថ្មី Blue នឹង​សម្រេច​បាន​ជំនាន់ Beta ដំបូង​នៅ​ខែ​មិថុនា ហើយ​បញ្ចប់​ការ​ធ្វើតេស្ត​ដោយ​ដាក់​ឱ្យ​ប្រើ​ជា​ផ្លូវការ​យ៉ាង​យូរ​គឺ​នៅ​ខែ ​សីហា ឬ​អាច​ស្ថិត​នៅ​ចន្លោះ​ពី​ខែ​ឧសភា ដល់​សីហា​ប៉ុណ្ណោះ។
រង់​ចាំ​មើល​ទាំង​អស់​គ្នា តើ​អនាគត​ពេល​ណា​ទើប Win8 ស្រូប​ទាញ​ចំណែក​ទីផ្សារ​បាន​ច្រើន​ជាង Win7ដែរ​ឬ​ទេ?
ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ

យុវជន​ខ្មែរ​បង្កើត​វីដេអូហ្គេមដំបូង​លើ Windows Store Trackback

​ យុវវ័យ​ខ្មែរ​ ៣ នាក់​​ បាន​ចាប់​ដៃ​គ្នា​បង្កើត​បាន​ជា​ហ្គេម​សម្រាប់ Tablet និង PC ដែល​ដំណើរការ​លើ Window 8 មួយ​ បាន​ដោយ​ជោគជ័យ។ នេះ​ជា​លើក​ដំបូង​ហើយ ដែល​ Windows Store មាន​វីដេអូ​ហ្គេម ​របស់​ស្នាដៃ​យុវវ័យ​ប្រទេស​កម្ពុជា។ ហ្គេម​នោះ​មាន​ឈ្មោះ​ថា Hungry ObOb។
អ្វី ​ដែល​គួរ​ឲ្យ​សរសើរ​នោះ ស្ថិត​នៅ​ក្នុង​វ័យ​មិន​ដល់​ ២០ ឆ្នាំ​ផង យុវជន ឈួម វិសាល ជា Developer ដ៏​ឆ្នើម​ និង​ដែល​ចូលរួម​បង្កើត​ហ្គេម​មួយ​នេះ​​បាន​ប្រាប់ Sabay ថា៖ “នេះ​ជា​ស្នាដៃ​ថ្មីមួយ​របស់​ក្រុម​ពួក​ខ្ញុំ សម្រាប់​ Develope ហ្គេម​​នេះ​ឡើង។ ដោយ​ទាមទារ​ការស្រាវជ្រាវ និង​​សិក្សា​បន្ថែម  Hungry ObOb ចេញ​ត្រឹម Preview លើក​ទី ១ សិនតែ​ប៉ុណ្ណោះ”។
និស្សិត ​ឆ្នាំ​ទី ១ នៅ​សាកល​វិទ្យាល័យ​បៀលប្រាយ ខេត្តសៀមរាប​រូប​នេះ បាន​បន្ត​ថា ការ​សរសេរ​កូដ​ក្នុង​ហ្គេម​នេះ​​ រូប​គេបាន​ជ្រើស​រើស​យក HTML5 និង JS មក​សរសេរ​លើ Visual Studio 2012 ( On Windows 8)។ ” សរសេរ​ Level ដំបូង​ខ្ញុំ​ដូច​ជា​ពិបាក​ច្រើន តែ​បន្ទាប់​ពី​សរសេរ​បាន ១ Level រួច​មក ​សម្រាប់ Level បន្ទាប់​ដូច​ជា​មិន​សូវ​ពិបាក​ទេ ”។ វិសាល បញ្ជាក់​បន្ថែម។
វិសាល បន្ត​ថា៖  “បច្ចេកទេស​នៃ​ការសរសេរ​កូដ និង​បច្ចេកទេស​ដទៃ​ទៀត ពួក​ខ្ញុំ​បាន​ខិតខំ​ស្រាវជ្រាវ​ដោយ​ខ្លួន​ឯង និង​​មាន​ចំណុច​មួយ​ចំនួន​ពួក​ខ្ញុំ​យក​គំនិត​គេ​ទៅ​ពិចារណា បន្ទាប់​បង្កើត​ចេញ​​គំនិត​ថ្មី​មួយមាន​លក្ខណៈ​ប្លែក ហើយ​អាច​ទទួល​យក​បាន”។
ហ្គេម Hungry ObOb សម្រាប់​ Win-8
កាន់ ​តួនាទី​ជា​អ្នក​ធ្វើ​ Animation និង​បង្កើត​ជា Interface ក្នុង​ហ្គេម Hungry ObOb លោក ឈួម រតនា បាន​ឲ្យ​ដឹង​ថា ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុម​ពូក​គេ​ចង់​បង្កើត​ហ្គេម​នេះ គឺ​ដោយ​សារ​តែ​គំនិត​ចង់​បង្ហាញ​សមត្ថភាព​ និង​បច្ចេកវិទ្យា​ថ្មី​ដែល​យុវវ័យ​ខ្មែរ​អាច​ធ្វើ​បាន។
Hungry ObOb ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​ដើម​ឆ្នាំ ២០១៣ មក​ម្លេះ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឺ​ហ្គេម​មួយ​នេះ​បាន​ដាក់​រូប​ភាព​ផ្សេងៗ​មាន​ដូច​ជា​ប្រាសាទ​បុរាណ​ខ្មែរ​ និង​ទេសភាព​​​ប្រទេស​ខ្មែរ​មួយ​ចំនួន​ទៀត។ ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ និស្សិត​ឆ្នាំ​ទី ៣ ផ្នែក​ព័ត៌មាន​វិទ្យា​ នៅ​សាកល​វិទ្យាល័យ​បៀលប្រាយ ខេត្ត​សៀមរាប​ដដែល​នេះ​​បាន​បញ្ជាក់​ថា៖ “ក្រុម​ពួក​គេ​ផ្ទាល់​​ព្យាយាម​បង្ហាញ​ពី​វប្បធម៌​ខ្មែរ តាម​រយៈ​បច្ចេកវិទ្យា​សម័យ​ថ្មី ថា​ Hungry ObOb ជា​របស់​ខ្មែរ”។
លោក បន្ត​ថា នា​ពេល​ដ៏ខ្លី​​ខាង​មុខ​នេះ Hungry ObOb នឹង​បង្ហាញ​វត្តមាន​លើ Windows Store ហើយ ខណៈ​ពេល​នេះ​ពួក​យើង​កំពុង​តែ​រៀប​ឯកសារ​មួយ​ចំនួន ដើម្បី​ដាក់​សំណើរ​ទៅ Microsoft ក្នុង​ការ​ដាក់ Hungry ObOb លើ Windows Store។
ងាក​មក​រក​កញ្ញា សម្បុរ​ស្រអែម រឿន ម៉ាលីស ជា​អ្នក​រចនា​រូបភាព​ក្នុង​ហ្គេម​នេះ ឈរ​ញញឹម​ញញែម​បញ្ចេញ​ថ្ពាល់​ខួច​ ហើយ​បញ្ចេញ​វាចា​ប្រាប់ Sabay ថា៖ “ការ​រចនា​រូប​ភាព ក៏​មិន​ស្រួល​ប៉ុន្មាន​ដែរ ព្រោះ​យើង​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​សម​ស្រប​ទៅ​តាម​ទំហំ​អេក្រង់​នៃ Device ដែល​ប្រើ Windows 8។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​ខ្ញុំ​សប្បាយ​រីករាយ​នឹង​លទ្ធផល​សម្រេច​នៃ​ហ្គេម​មួយ​នេះ”។
កញ្ញា រឿន ម៉ាលីស ជា​អ្នក​រចនា​រូបភាព​ក្នុង​ហ្គេម​
អបអរ ​សាទរ​នឹង​លទ្ធផល​នៃ​យុវវ័យ​ទាំង ៣ ខាង​លើ​នេះ លោក ពិសិដ្ឋ តំណាង​មក​ពី​ Microsoft ប្រចាំ​កម្ពុជា បាន​នាំ​យក​ប្រាក់​ឧបត្ថម្ភ​ពី Microsoft សម្រាប់ Project ក្រុម​ផលិត​ហ្គេម​មួយ​នេះ ​ជា​ទឹក​ប្រាក់​ចំនួន ២០០ ដុល្លារ ព្រម​ទាំង​​ទូរសព្ទ Lumia 620 មួយ​គ្រឿង​ពី Microsoft ជា​ការ​លើក​ទឹក​ចិត្ត​ពី​ការ​ខំ​ប្រឹងប្រែង​របស់​ពួកគេ៕
មាន​មតិ​អ្វី ទេ សម្រាប់​ស្នាដៃ​របស់​និស្សិត​វ័យ​ក្មេង​ទាំង​នេះ?

Monday, March 25, 2013

ផែន​ការ​គ្រប់​គ្រង ទេស​ចរណ៍​នៅ​អង្គរ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើ​រ​ការ

E-mailPrintPDF
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣នេះ ផែនការគ្រប់គ្រង ទេសចរណ៍ នៅតំបន់អង្គរ ត្រូវបាន ដាក់ឲ្យដំណើរការ ហើយ ក្រោមអធិបតីភាព លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរអប្សរា។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ស្ថាទូតបារាំង ប្រចាំកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាល អូស្រ្តាលី និងរាជរដ្ឋាភិបាល កម្ពុជា ដែលគាំទ្រដោយអង្គការយូនីស្កូ បានផ្តួចផ្តើមគំនិត បង្កើតជាគម្រោងក្របខណ្ឌ គ្រប់គ្រងបេតិកភ័ណ្ឌនេះ តាំងពីឆ្នាំ ២០០៨ ដើម្បីឆ្លើយតប ទៅនឹងការកើនឡើង យ៉ាងខ្លាំង នៃអ្នកទេសចរណ៍ ភាពប្រឈមនៃបរិស្ថានថ្មីៗ និងការរីកចម្រើន យ៉ាងឆាប់រហ័ស របស់សហគមន៍ ដែលជាប់តំបន់បេតិកភ័ណ្ឌពិភពលោក អង្គរកម្ពុជា ។
ផែនការគ្រប់គ្រង ទេសចរណ៍ នឹងជួយសម្រួលដល់ការគ្រប់គ្រង និងការសម្របសម្រួល ការកើនឡើង យ៉ាងរហ័ស នៃ វិស័យទេសចរណ៍ ការកាត់បន្ថយ ការខូចខាត ដែលបណ្តាលមកពីអ្នកទេសចរណ៍ ការបង្កើតទំនាក់ទំនង រវាងអាជ្ញាធរ អប្សរា ឧស្សាហកម្មទេសចរណ៍ និងការផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជននៅក្នុងមូលដ្ឋាន។
លោកស្រី ផេននី រីឆាដស៍ ឯកអគ្គរាជទូត អូស្រ្តាលីប្រចាំកម្ពុជា បានមានប្រសាសន៍ នៅក្នុងសេចក្តីប្រកាសនោះ “ដោយ បានសំណូមពរ ដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យអនុវត្តផែនការ គ្រប់គ្រងទេសចរណ៍នេះ ដោយមិនពន្យារពេល… ខ្ញុំសូម ជូនពរ រាជរដ្ឋាភិបាលកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងការអនុវត្តន៍ផែនការគ្រប់គ្រង ទេសចរណ៍ ដើម្បីលើកស្ទួយ ដល់ វិស័យទេសចរណ៍ ដែលជួយដល់ជនក្រីក្រ និងដើម្បីទទួលបានការអភិរក្ស និងការពាររយៈពេលយូរ លើទីតាំង បេតិកភ័ណ្ឌ ពិភពលោក សម្រាប់មនុស្សគ្រប់គ្នា សម្រាប់ជាតិកម្ពុជា និងពលរដ្ឋកម្ពុជារាប់ពាន់នាក់ ដែលបានរស់នៅ ទាំងកាយទាំងចិត្តនៅលើទឹកដីដ៏មាន សារៈសំខាន់” ។
លោកឧបនាយករដ្ឋមន្រ្តី សុខ អាន មានប្រសាសន៍ថា “ វិស័យទេសចរណ៍ គឺជាកាំបិតមុខពីរ ហើយផែនការគ្រប់គ្រង ទេសចរណ៍ គឺជាក្បួនណែនាំ ដែលរួមបញ្ចូលគ្នា ដ៏ល្អមួយសម្រាប់គ្រប់គ្រងទេសចរណ៍ នៅអង្គរ… ការបង្កើតផែនការមួយ គឺមានសារៈសំខាន់ណាស់ ប៉ុន្តែ ការអនុវត្តន៍ផែនការនោះ រឹតតែជារឿងសំខាន់ ហើយ ជំហាន របស់យើង បន្ទាប់គឺការ អនុវត្តន៍ ផែនការគ្រប់គ្រងទេសចរណ៍ ប្រកបដោយប្រសិទ្ធិភាព និងសមត្ថភាពមួយ ហើយខ្ញុំនឹងរង់ចាំមើលការអនុវត្តន៍ នេះ”៕

សម្តេចហ៊ុន សែនៈ ទំនាក់ទំនងកម្ពុជា-ចិន រឹងមាំដូចស្ពានឆ្លងកាត់ទន្លេទាំងអស់នៅកម្ពុជា

ភ្នំពេញ ៖ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាស នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ថា ទំនាក់ ទំនងមិត្តភាព រវាងប្រទេសកម្ពុជា និងប្រទេសចិន នឹងពិតជាមានភាពរឹងមាំ ដូចទៅនឹងស្ពានទាំងអស់ នៅក្នុងទឹកកម្ពុជា។ សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្ដ កណ្ដាល កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ថា “ ខ្ញុំសង្ឃឹមថា ទំនាក់ទំនង រវាងកម្ពុជា-ចិន នឹងរឹងមាំ ដូចជា ស្ពាន បេតុង ឆ្លងកាត់ទន្លេទាំងអស់ របស់យើង….យើងបានសាកល្បងទំនាក់ទំនង ចាប់តាំងពី ព្រះករុណាព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ជាមួយនឹងថ្នាក់ដឹកនាំចិន ដូចជា ប្រធានម៉ៅ និងនាយករដ្ឋមន្រ្តី ជូអេឡាយ ជាដើម”។ សម្តេចនាយករដ្ឋមន្រ្តី បន្តថា មកដល់បច្ចុប្បន្ននេះ ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី និងសម្តេចផ្ទាល់ នៅ តែបន្តទំនាក់ទំនង ជាមួយមេដឹកនាំរបស់ចិន ដ៏ស្អិតរមួតបន្តទៀត។ សម្តេចតេជោ បន្តថា “ជំនាន់មុននេះ ប្រធានាធិបតីចិន ហ៊ូ ជិនតាវ និងនាយករដ្ឋមន្រ្តី វ៉េន ជាវប៉ាវ ហើយបន្តមកជាមួយ លោកប្រធានាធិបតី ស៊ិន ជីងពីង និងនាយករដ្ឋមន្រ្តី នី គីជាំង ចំពោះខ្ញុំផ្ទាល់ មានតាំងពីប្រធានាធិបតី ហ្សាង ជីមីង និង នាយករដ្ឋមន្រ្តី លីភឹង ហើយបន្ទាប់ទៅ ហ្សាង ជីមីង និងជូង យូជីង ហើយខ្ញុំតាមរយៈ ឯកឧត្តម ផាន់ ក្វាងសៀ ក៏សូម ផ្ញើជូននូវការអរគុណ ជាមួយជំនួយឧបត្ថម្ភគាំទ្រ របស់មិត្តចិន ដែលបានផ្តល់ចំពោះព្រះរាជាណាចក្រកម្ពុជា”។ សម្តេចបានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅកម្ពុជា ដែលមានការរីកចម្រើនលូតលាស់ ដែលបានមកពីហិរញ្ញ ប្បទានរបស់មិត្តចិន និងប្រទេសជាដៃគូរពាក់ព័ន្ធនានា បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា រីកចម្រើនខ្លាំង ក្នុងរយៈពេលជិត ២ ទសវត្សរ៍ ចុងក្រោយ បន្ទាប់ពីកម្ពុជា មានសន្តិភាពពេញលេញ។ សម្តេចមានការពេញចិត្ត ចំពោះទំនាក់ទំនង រវាងមិត្តចិន និងកម្ពុជា ដែលមានជាមួយគ្នា តាំងពីយូររហូតមកដល់បច្ចុប្បន្ន ។
ក្នុងជំនួបទ្វេភាគី ក្រៅកិច្ចប្រជុំកំពូលអាស៊ាន-ចិនកាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០១២ ដែលបានធ្វើឡើង នៅរាជធានីភ្នំពេញ រវាងប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ និងលោក វិន ជាបាវ នាយករដ្ឋមន្ត្រីចិន សម្តេចតេជោបានស្នើ ប្រទេសចិន បន្តផ្តល់ នូវជំនួយសម្បទាន ដល់កម្ពុជា និងបានស្នើសុំ ប្រទេសចិន ឲ្យបន្តកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច ប្រយោជន៍ ធ្វើយ៉ាងណា ឲ្យទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ បាន ៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧ ៕

Monday, March 18, 2013

ដឹង​ថា នៅ​កម្ពុជាអ្នក​ប្រើ Mobile Internet ​មាន​ប៉ុន្មាន​នាក់​? Trackback

ស្រប​ពេល​ដែល​ចំនួន​មនុស្ស​ និង​​​ Smartphone នៅ​​អាស៊ី​ ចេះ​តែ​មាន​​កំណើន​​កើន​​ឡើងឥត​ឈប់​ឈរ​នោះ​ សេវាកម្ម Internet ក៏​មាន​សំទុះ​​ងើប​ឡើងខ្លាំង​ដែរ។ បើយោង​តាម​គេហទំព័រ Businessinsider បាន​ឲ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ​២០១២ ​​មាន​អ្នក​ប្រើ​ Internet តាម Smartphone សរុប​ចំនួន ៧៩៤​លាន​ នាក់​នៅ​អាស៊ី។ បើ​មាន​ចំនួន​ច្រើន​ម្លឹង​ៗ ​តើ​អ្នក​ដឹង​​ទេ​ថា ​ប្រទេស​ណា​មាន​អ្នក​ប្រើ Mobile Internet ច្រើន​ជាង​គេ​ ហើយ​កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ណា​ទៅ?
បើ​ចង់​ដឹង​ថា​ប្រទេស​​អាស៊ី​មួយ​ណា​មាន​អ្នក​ប្រើ Internet តាម​ទូរសព្ទ​ដៃ​ច្រើន​ជាង​គេ ​នោះ​សូម​​ទស្សនា​​ក្រាប​ដូច​​ខាង​ក្រោម៖
១-ជប៉ុន​មាន ៨៦%              ២-កូរ៉េ​មាន ៨០%
៣-ហុងកុង​មាន ៧៦%        ៤-ចិន​​មាន​ចំនួន ៧៥%
៥-ម៉ាឡេស៊ី​មាន ៧៥%       ៦-តៃវ៉ាន់​មាន ៧២%
៧-សិង្ហបុរី​មាន ៧០%         ៨-វៀតណាម ៦២%
៩-ថៃ​មាន ៤៧%                 ១០-ឥណ្ឌូណេស៊ី​មាន ២២%
១១-ហ្វីលីពីន​មាន ២០%    ១២-ឥណ្ឌា​មាន ១៥%​​
ចំណែក ​​កម្ពុជា​វិញ​​​ ចំនួន​អ្នក​ប្រើ​ប្រាស់ Internet តាម​ទូរសេព្ទ​មាន​ប៉ុន្មាន​នាក់​ទៅ? តាម​ ​Businessinsider មិន​ទាន់​បាន​ចាត់​ថ្នាក់​កម្ពុជា​ក្នុង​តារាង​ខាង​លើ​​នោះ​ទេ ប៉ុន្តែ​ថ្មីៗ​នេះ តាមទិន្នន័យ​របស់​ក្រសួង​ប្រៃសនីយ៍ និងទូរគមនាគមន៍​បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ថា គិត​មក​ដល់​ចុង​ឆ្នាំ​ ២០១២ នេះ រក​ឃើញ​ថា ​​​កម្ពុជា​មាន​អ្នក​ប្រើ​ទូរសព្ទ​ចល័ត​ និង​អចល័ត​ជិត ២០លានគ្រឿង​ ខណៈ ​ចំនួន​អ្នក​ប្រើ​ប្រាស់​សេវាអ៊ីនធឺណិត​ក៏​មាន​ការ​កើន​ឡើង​យ៉ាង​លឿន​ផង​ដែរ ​ គឺ​មាន​រហូត​ដល់​ទៅ​​ចំនួន​ជាង​២,៧​លាន​នាក់​កើន​ឡើង​៦០​ភាគរយ​បើ​​ធៀប​ ឆ្នាំ​ ២០១១ ​ដែល​មាន​តែ​១,៧ លាន​នាក់​ប៉ុណ្ណោះ។
​ទិន្នន័យ​ខាងលើនេះ​មិន​បាន​បញ្ជាក់​លម្អិត​ពី​ចំនួន​ភាគរយ​ច្បាស់លាស់​ដែលពលរដ្ឋ​កម្ពុជា ប្រើ​ប្រាស់សេវាកម្ម​អ៊ីនធឺណិត​តាម​ទូរសព្ទនោះ​ទេ។​
យ៉ាង ​ណា​មិញ បច្ចុប្បន្ន គេ​សង្កេតឃើញ​ថា​ ចំនួន​ពល​រដ្ឋ​កម្ពុជា​ដែល​ចូលចិត្ត​ភ្ជាប់​សេវា​អ៊ីនធឺណិតតាម​ទូរសព្ទ​ដៃ​ ក៏​កំពុង​មាន​និន្នាការកើនឡើង​​យ៉ាង​ខ្លាំងផង​ដែរ។
សូម​ចុចត្រង់នេះ ដើម្បី​ស្តាប់​ពី​ទស្សនៈ​យុវវ័យ​ជុំវិញការ​ប្រើប្រាស់​សេវាកម្ម​អ៊ីនធឺណិត​តាម​ទូរសព្ទ។
ចុចត្រង់នេះដើម្បីមើលព័ត៌មានបច្ចេកវិទ្យាថ្មី