ឈិនឡុង ជោគជ័យតាំងពីអាយុ៥ឆ្នាំ Trackback
ប្រិយមិត្ត ភាគច្រើនប្រាកដជាស្គាល់តារាសម្ដែងវាយតប់បែបកំប្លែងឈ្មោះ Jackie Chan ហៅក្រៅថាឈិនឡុងតាមរយៈរឿងហុងកុង ឬរឿងហូលីវូដល្បីៗផ្សេងៗរួចមកហើយ។ ក៏ប៉ុន្តែប្រិយមិត្តមានដឹងថាតើគាត់មានប្រវត្តិមកពីណា ឬកាលមុនពេលចូលសម្ដែងគាត់បានធ្វើអ្វី ឬក៏ជីវិតគាត់ទទួលបានភាពជោគជ័យលើអ្វីខ្លះទេ?ថ្ងៃនេះ Sabay នឹងណែនាំឲ្យប្រិយមិត្តបានស្គាល់តារាសម្ដែងអន្តរជាតិដ៏ល្បីនេះឲ្យកាន់តែច្បាស់ជាងមុន។
ប្រវត្តិសង្ខេប
ឈ្មោះ | ថ្ងៃខែឆ្នាំកំណើត | ទីកន្លែងកំណើត | ឪពុកម្ដាយ | អាជីព |
Chan Kong-sang ឬJackie Chan | ៧ មេសា ១៩៥៤
(បច្ចុប្បន្នអាយុ ៥៨ឆ្នាំ)
| ស្រុក Victoria Peak នៃទីក្រុងហុងកុង | ឪពុក Charles និង ម្ដាយ Lee Lee Chan | តារាសម្ដែង អ្នកដឹកនាំរឿង អ្នកសរសេរសាច់រឿង តារាចម្រៀង |
Jackie Chan ឬឈិនឡុងគឺជាកូនទោលនៅក្នុងគ្រួសារដែលមានឪពុកម្ដាយជាអ្នក រាជការធ្វើការនៅស្ថានទូតបារាំងប្រចាំទីក្រុងហុងកុង។ កាលនៅក្មេងឪពុកម្ដាយគាត់ហៅឈ្មោះគាត់ថា ប៉ាវប៉ាវ។
Chan បានចូលរៀននៅសាលាបឋមសិក្សា Nah-Hwa នៅលើកោះហុងកុង ក៏ប៉ុន្តែគាត់រៀនធ្លាក់ថ្នាក់ទី១។ ក្រោយមកឪពុកម្ដាយគាត់ក៏យកគាត់ចេញពីសាលានោះ។ នៅក្នុងឆ្នាំ១៩៦០ ឪពុករបស់ Chan បានទៅប្រទេសអូស្ត្រាលីដើម្បីធ្វើជាចុងភៅ រីឯ Chan ត្រូវបានបញ្ជូនឲ្យទៅរៀននៅសាលាសិល្បៈ China Drama Academy នៃទីក្រុងហុងកុង។ នៅសាលានោះ Chan បានប្រឹងប្រែងរហូតក្លាយជាសិស្សពូកែហើយត្រូវបានខាងសាលាជ្រើស ឲ្យចូលរួមក្រុមសម្ដែងប្រមូលផ្ដុំដោយសិស្សពូកែរបស់សាលា។
អាជីពនៅក្នុងសិល្បៈ និងភាពជោគជ័យ
Jackie Chan ចាប់សម្ដែងតាំងពីអាយុ ៥ឆ្នាំមកម្ល៉េះ។ ពេលអាយុ៨ឆ្នាំ Chan បានសម្ដែងនៅក្នុងរឿង “Little Fortunes” ហើយនិង “Big and Little Wong Tin Bar” ក្នុងឆ្នាំ១៩៦២ ហើយក៏បានសម្ដែងនៅក្នុងរឿងផ្សេងៗជាបន្តបន្ទាប់។ នៅក្នុងឆ្នាំ១៩៧១ Chan បានចាប់ផ្ដើមអាជីពជាអ្នកសម្ដែងពេញវ័យនៅពេលគេមានអាយុ ១៧ឆ្នាំហើយបានចុះកុងត្រាជាមួយនឹងផលិតកម្ម Great Earth Film Company។
ពេលមានអាយុ ១៧ឆ្នាំនោះ Chan បានធ្វើការជាអ្នកសម្ដែងជំនួសឲ្យតារាសម្ដែងវាយតប់ដ៏ល្បីល្បាញ Bruce Lee ដែលប្រិយមិត្តភាគច្រើនហៅគាត់ថា លី ស៊ាវវឡុង។ នៅក្នុងឆ្នាំនោះផងដែរ Chan ទទួលបានការសម្ដែងជាតួឯកជាលើកដំបូងនៅក្នុងរឿង “Little Tiger of Canton”។នៅក្នុងឆ្នាំ ១៩៧៦ Chan បានសម្ដែងនៅក្នុងរឿងជាមួយតារាសម្ដែង លី ស៊ាវឡុង ក្នុងរឿង “Fist of Fury” ដែលក្នុងនោះ Chan សម្ដែងជាតួដែលមានឈ្មោះថា ឈិនឡុង ដែលត្រូវបានទស្សនិកជនហៅមកទល់បច្ចុប្បន្ននេះទៅ។ Chan ក៏បានថតរឿងល្បីៗជាច្រើននៅក្នុងឆ្នាំបន្តបន្ទាប់។
- ជោគជ័យក្នុងហូលីវូដ
ក្រោយមក Chan បានសម្ដែងនៅភាពយន្តដែលទទួលបានភាពជោគជ័យខ្លាំងបន្តបន្ទាប់មានដូច ជា “Police Story 2″ ដែលធ្វើឲ្យ Chan ឈ្នះពានរង្វាន់នៅក្នុងឆ្នាំ ១៩៨៩ ” Armour of God 2″ និង “Police Story 3″ ដែល Chan ទទួលពានរង្វាន់មួយទៀតសម្រាប់ការសម្ដែងក្នុងភាពយន្តនេះនៅក្នុង ឆ្នាំ ១៩៩៣។
ភាពល្បីល្បាញ និងទេពកោសល្យក្នុងការសម្ដែងរបស់ Chan ធ្វើឲ្យតារាសម្ដែងនេះ ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងក្លានៅក្នុងហូលីវូដ។ ចន្លោះឆ្នាំ ១៩៩៩ និង២០០៧ គឺជាឆ្នាំដែល Chan លេចមុខក្នុងរឿងហូលីវូដល្បីៗជាច្រើន ហើយក៏ជាឆ្នាំដែល Chan មានសក្ដានុពលខ្លាំងក្នុងហូលីវូដដែរ។ រឿងហូលីវូដល្បីៗដែល Chan បានសម្ដែងមានដូចជា “Rush Hour” ក្នុងឆ្នាំ១៩៩៨ “Rush Hour 2″ ក្នុងឆ្នាំ២០០១ “Around The World in 80 Days “ក្នុងឆ្នាំ២០០៤។
- ផលិតកម្មផ្ទាល់ខ្លួន
ភាពយន្តដែល Chan ផលិត និងសម្ដែងខ្លួនឯងផ្ទាល់ទទួលបានជោគជ័យយ៉ាងខ្លាំងដូចជា “New Police Stor” (២០០៤), “The Myth” (២០០៥), “Rob-B-Hood” (២០០៦)។ ចំណែកឯក្នុងឆ្នាំ ២០០៧វិញ Chan ក៏បានសម្ដែងនៅក្នុងរឿង Rush Hour 3″ ដែលរកចំណូលបានដល់ទៅ ២៥៥លានដុល្លារអាមេរិក។
បទពិសោធន៍ថ្មី
នៅក្នុងឆ្នាំ ២០០៨ Chan បានសម្ដែងនៅក្នុងរឿង “The Forbidden Kingdom” ជាមួយនឹងតារាសម្ដែងវាយតប់បែបកុងហ្វូគឺ Jet Li។ ក្នុងឆ្នាំដដែលChan បានបញ្ចូលសំឡេងឲ្យតួតុក្កតាគ្រូក្បាច់គុនរបស់ខ្លាឃ្មុំ Panda នៅក្នុងរឿង “Kong Fu Panda” ។ ក្នុងឆ្នាំ ២០០៩ Chan បានសម្ដែងក្នុងរឿង The “Karate Kid” ដែលរឿងនេះ បានចេញនៅឆ្នាំ ២០១០។ ភាពយន្តទី ១០០របស់ Chan ដែលមានចំណងជើងថា “១៩១១” បានចេញចរាចរនៅថ្ងៃទី ២៦ខែកញ្ញាឆ្នាំ ២០១១ ដែលក្នុងនោះ Chan គឺជាអ្នកផលិត អ្នករៀបចំសម្ដែង និងជាអ្នកសម្ដែងផ្ទាល់។
Chan បានទទួលពានរង្វាន់ Nickelodeon’s Kids’ Choice Awards នៅក្នុងឆ្នាំ ២០១១សម្រាប់រឿង “The Karate Kid”។ នៅក្នុងឆ្នាំ២០១២ ខណៈពេលចូលរួមកម្មវិធី Cannes Film Festival លោក Chan បានប្រកាសថា ខ្លួននឹងចូលនិវត្តន៍ពីការសម្ដែងរឿងវាយតប់គ្នា ដោយសារតែខ្លួនមានវ័យចាស់ទៅហើយ។ ក៏ប៉ុន្តែក្រោយមក Chan បាននិយាយវិញថា ខ្លួននឹងមិនឈប់សម្ដែងតែម្ដងនោះទេ គឺគ្រាន់តែសម្ដែងតិចតួចប៉ុណ្ណោះ ពីព្រោះចង់ថែរក្សារាងកាយរបស់ខ្លួន។
Chan បានទទួលពានសរុបចំនួន ២៧ ពីការសម្ដែងនិងការដឹកនាំរបស់លោក។
0 comments:
Post a Comment