ព្រះពុទ្ធសាសនារីកចម្រើនតែការប្រតិបត្តិមានកម្រិត
ព្រះញាណវង្ស ឃឹម សន បានផ្តល់បទសម្ភាសពាក់ព័ន្ធនឹងការគោរពប្រណិប័តន៍ធម៌ វិន័យព្រះពុទ្ធសាសនា និងពីវិន័យសង្ឃនាសម័យបច្ចុប្បន្ន ដែលមានខ្លឹមសារជាអាទិ៍ ដូចខាងក្រោម ៖
តើអ្នកគោរពព្រះពុទ្ធសាសនា នៅក្នុងប្រទេសកម្ពុជាមានលក្ខណៈបែបណា?
ព្រះ ពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជាជាជំនឿតពូជពង្សពីបុ រាណកាលមក តាំងពីពុទ្ធសតវត្សរ៍ទី៣មក តែជំនឿនេះមានការវិវឌ្ឍនិងអន់ថយទៅតាមអ្នកគោរពប្រណិប័តន៍។ និយាយជារួមឲ្យតែអ្នកដឹកនាំជាអ្នកកាន់ព្រះពុទ្ធសាសនាម៉ឺងម៉ាត់ ជាអ្នកជួយទំនុកបម្រុងនោះព្រះពុទ្ធសាសនានឹងបានរីកចម្រើន។ដូចជា នៅក្រោយពីព្រះពុទ្ធបានចូលបរិនិព្វានទៅបាន៣ខែ ហើយសាវ័ករបស់ព្រះអង្គនាំគ្នាគោរពប្រតិបត្តិផ្ទៀងផ្ទាត់ធម៌ វិន័យដោយមានធ្វើធម្មវិសជ្ជនាឡើងវិញដោយមានព្រះបាទជាសតុ ជាអ្នកទំនុកបម្រុងរហូតបានរុងរឿងពិសេសសាសនាខ្មែរយើងរុងរឿងមែន ទែន គឺក្នុងសម័យកាលព្រះបាទធម្មាសោក។
តើព្រះពុទ្ធសាសនាបច្ចុប្បន្នមានលក្ខណៈបែបណារួមនឹងការប្រតិបត្តិផង?
វិស័យ ព្រះពុទ្ធសាសនាបច្ចុប្បន្ននេះមានការរីកដុះដាលច្រើនផ្នែកខាង កសាងព្រោះបើផ្អែកតាមរយៈអនុសំវច្ចមហាសន្និបាតសង្ឃ គឺយើងមានវត្ត ៤៥៥៣ វត្តនិងមានព្រះសង្ឃចំនួន៥៣.២៥៧អង្គនៅទូទាំងប្រទេស ក្នុងនោះ វត្តធម្មយុត្តិកនិកាយមានចំនួន ១៧៧ វត្ត និងវត្តគណៈមហានិកាយមានចំនួន៥១.៦៩៥ វត្ត។ចំពោះការប្រតិបត្តិវិញ គឺនៅមានកម្រិតនៅឡើយ ព្រោះខ្វះអ្នកប្រាជ្ញនិងបាត់បង់ឯកសារផ្នែកព្រះពុទ្ធសាសនាស្ទើ រអស់ដែលប្រការនេះ យើងបានទទួលស្គាល់ទាំងអស់គ្នា។ បើយើងចង់គោរពព្រះពុទ្ធសាសនា និងប្រកបដោយសទ្ធាជ្រះថ្លានោះយើងត្រូវខិតខំបណ្តុះធនធាន សង្ឃ ។ប្រទេសមួយដែលរីកចម្រើនខាងសម្ភារតែខាងស្មារតីយើងមិនបានគោរព ក៏មិនអាចលូតលាស់បានដែរ។
ហេតុអ្វីបានជាព្រះសង្ឃដែលជាអ្នកបួសរៀនស្គាល់ធម៌វិន័យហើយ តែមិនប្រតិបត្តិធម៌ឲ្យប្រពៃបាន?
សត្វ មានតែសញ្ញា៣ទេ គឺជីវិតសញ្ញាកាយសញ្ញា និងអាហារសញ្ញា ដោយឡែកមនុស្សមានសញ្ញាលើសពីសត្វមួយគឺធម្មសញ្ញា ហើយមិនថាជាគ្រហស្ថឬព្រះសង្ឃទេ អ្នកខ្លះកាន់ព្រះពុទ្ធសាសនាមែនតែទៅរំលោភកូនឯង ឬចាប់គេរំលោភក៏ដូចជាបុគ្គលសង្ឃទ្រុស្តសីលខ្លះដែរ ដែលទាំងនេះ ហៅថាបុគ្គលនោះខ្វះធម្មសញ្ញាវិចារណញាណ។ បញ្ហានេះអាត្មាយល់ឃើញ២យ៉ាង ទី១យើងខ្វះចំណេះដឹងខាងពុទ្ធសាសនាព្រោះស្ទើរតែបាត់អត្តសញ្ញាណ ខ្លួនឯងដោយសារសង្គ្រាម ទី២ គឺលំហូរវប្បធម៌ពីខាងក្រៅ គាប់ជួនយើងកំពុងតែមិនស្គាល់វប្បធម៌និងអត្តសញ្ញាណខ្លួនផងនោះ ទើបនាំឲ្យមានបញ្ហាបែបនេះ។ សាសនាអាចរុងរឿងបាន គឺអាស្រ័យលើអ្នកបួសផ្ទាល់ មានចំណេះដឹងជ្រៅជ្រះខាងសាសនា គឺមុននឹងធ្វើអ្វីក៏ត្រូវគិតដែរ។
មានមតិខ្លះរិះគន់ថា ការចំណាយលុយរាប់ម៉ឺនដុល្លារក្នុងការសាងសង់វិហារ ជាការខ្ជះខ្ជាយ តើព្រះអង្គយល់បែបណា?
កាល ជំនាន់ព្រះពុទ្ធអ្នកបួស បើទោះជាញាតិញោមចង់យកត្រៃចីវរទៅប្រគេនក៏លោកមិនទទួលដែរ។ តែបើចង់ឲ្យលោកទទួលលុះតែយកសំពត់នោះទៅរុំសាកសពឬឲ្យប្រឡាក់ ដីឬក៏យកទៅបោះចោលសិន ទើបលោកទទួលប្រើប្រាស់ ធ្វើបែបនេះដើម្បីឲ្យលោកចេះពិចារណាការប្រើវត្ថុនោះមិនជា របស់ល្អ ហើយក៏កើតក្តីអាសូរថាអ្វីៗមិនមែនជារបស់ខ្លួនទេ។ អ្នកបួសសម័យដើមអាស្រ័យនៅក្រោមម្លប់ឈើ តែមុនព្រះពុទ្ធចូលនិព្វាន ព្រះអង្គយល់ថា បើមិនឲ្យទទួលទានពីពុទ្ធបរិស័ទទេ នោះសាសនាព្រះអង្គនឹងបាត់បង់ បើពេលនេះមិនមានវិហារនិងវត្តល្អទេ តើមានអ្នកបួសទៀតទេ? អ្នកបួសឥឡូវនេះសុទ្ធតែជាអ្នកក្រ។ការធ្វើកុដិល្អ ដោយបរិស័ទមានសទ្ធាជ្រះថ្លាមានគុណធម៌ យល់ឃើញថា របស់ទាំងអស់ត្រូវវិនាស សូម្បីតែរូបក៏មិនគង់វង់ ហើយបើកាលណាគេកសាងកុដិ ព្រះវិហារ គឺទុកសម្រាប់ព្រះពុទ្ធសាសនា ឯព្រះសង្ឃ គឺជាស្រែបុណ្យទ្រទ្រង់សីល។
សង្ឃ ជាបុគ្គលមានសីល មានការលះបង់ និងការសង្រួមកាយ វាចា ចិត្ត ខ្ពស់ តើហេតុអ្វីបានជាមានសង្ឃខ្លះ ប្រាសចាកទៅសេពមេថុនធម្ម ឬលួចទៅច្រៀងខារ៉ាអូខេ និងប្រើប្រាស់បរិក្ខារ ឡាន ទូរស័ព្ទទំនើបៗ តើមានអាបត្តិទេ បើប្រព្រឹត្តបែបនេះ?
អាត្មាយល់ឃើញថា ការធ្វើផ្តេសផ្តាសរបស់បុគ្គលសង្ឃមួយចំនួន ដោយសារតែបុគ្គលនោះមិនបានសិក្សារៀនសូត្រពីធម៌វិន័យឲ្យបាន ជ្រៅជ្រះ ឲ្យបានចេះដឹងជាមូលដ្ឋាន បើកាលណាសម្ភារៈខាងក្រៅអូសទាញហើយសប្បាយភ្លើតភ្លើនដោយនឹងស្មាន ថា ការប្រព្រឹត្តនោះមិនប្រកបដោយកន្លងធម៌វិន័យទេ។
ព្រះ ពុទ្ធ បានទ្រង់សម្តែងបើភិក្ខុសង្ឃអង្គណាត្រេកអរក្នុងការប្រើប្រាស់ សំពត់បង្សុកូលឬអាស្រ័យនៅក្រោយម្លប់ឈើនៅមួយជីវិតក៏តាម ប្រាថ្នាចុះ តែបើមានគេប្រគេនស្បង់ចីវរ អាចទទួលប្រើប្រាស់បាន ហើយបើពុទ្ធបរិស័ទកសាងកុដិវិហារអី គឺព្រះសង្ឃអាចគង់បានដែរ នេះព្រះពុទ្ធទ្រង់អនុញ្ញាតរឿងហ្នឹង។ ដូចជា រថយន្តជាដើម គឺចាត់ក្នុងសេនាសនទាន ជារបស់ពុទ្ធបរិស័ទប្រគេន គឺអាចប្រើប្រាស់បានមិនមែនបង្កើននូវ លោភៈ មោហៈ អីទេ។ មួយទៀតដូចជាវិហារ កុដិ ហេតុអីក៏គេមិនហៅថាផ្ទះ ព្រោះរបស់អស់នេះ គេធ្វើសម្រាប់សង្ឃហើយក៏មិនមែនចំពោះបុគ្គលណាម្នាក់ដែរ ជារបស់កើតឡើងដោយការប្រគេន ពោលគឺឲ្យតែរបស់នោះប្រើប្រាស់នៅក្នុងបច្ច័យ៤ គឺមិនខុសនឹងវិន័យសង្ឃទេ។
រវាងសង្ឃនិងសង្ឃតើមានស្មារតី ឯកភាពគ្នា និងគោរពតាមឋានានុក្រមដែរទេពេលសង្ឃអង្គណាប្រព្រឹត្តខុស តើត្រូវបានការពារដាក់ទោសរបៀបណា?
មានថេរសភាសង្ឃកំពូល សម្រាប់កាត់ក្តីសង្ឃ និងមានថេរសភាស្រុក ខេត្ត រាជធានីទៀត ចំពោះសង្ឃណាមានកំហុសនោះសភាសង្ឃក្នុងដែនខណ្ឌដោះស្រាយ តែបើដោះស្រាយអស់លទ្ធភាពហើយនោះនឹងបញ្ជូនមកថេរសភាសង្ឃថ្នាក់លើ និងមកក្រុមវិន័យសង្ឃកំពូល ថាតើគួរចាត់វិធានការទៅលើសង្ឃអង្គនោះយ៉ាងណា។ ម៉្យាងទៀតបើថេរសភាសង្ឃថ្នាក់ក្រោមដោះយឺតយូរតែខាងតុលាការលោក មានភ័ស្តុតាងរឹងមាំគ្រប់គ្រាន់ ដូច្នេះលោកអាចចេញដីកាមកថា ភិក្ខុអង្គនោះត្រូវមានទោសព្រហ្មទណ្ឌ ដូច្នេះខាងមន្រ្តីសង្ឃមិនអាចរង់ចាំបានទេ ហើយត្រូវផ្សឹកឲ្យលាចាកសិក្ខាបទភ្លាមៗ៕
0 comments:
Post a Comment