បញ្ហាតាក់ស៊ីឡើងថ្លៃ
ពេលបុណ្យទានម្ដងៗ នៅតែជាប្រធានបទក្ដៅ
ខណៈអាជ្ញាធររាជធានីភ្នំពេញជូនដំណឹងឲ្យមានការរក្សាតម្លៃដឹក
ជញ្ជូនអ្នកដំណើរ ប៉ុន្តែតាក់ស៊ីថាមិនឡើងថ្លៃ
មិនបានព្រោះអាចប្រឈមនឹងការខាតបង់ ដោយមានមូលហេតុជាច្រើន។
លោកថា ស្អែកខានស្អែកអាចនឹងឡើងជាងនេះទៀត ព្រោះលោកត្រូវឡើងមកដឹកម៉ូយពីភ្នំពេញដោយរថយន្តទទេ ដោយសារគ្រប់គ្នាទៅស្រុកភូមិ បើមិនយកចំណេញដើម្បីផាត់ថ្លៃប្រេងចេញវិញ នោះលោកនឹងរកស៊ីខាតមិនខាន។
លោកបានបន្ថែមថា ធ្លាប់ឮសាលារាជធានីហាមដែរ ប៉ុន្តែលោកគិតថា មិនអាចទៅរួចនោះទេ ព្រោះប្រេងក៏ថ្លៃ ហើយស្ទះផ្លូវចេញពីភ្នំពេញទៀតផង។
លោក គុយ សាត់ អ្នករត់តាក់ស៊ី ភ្នំពេញ ស្វាយរៀង បានឲ្យដឹងស្រដៀងគ្នានេះដែរថា ម្សិលមិញតម្លៃមួយម៉ឺនដដែល ប៉ុន្តែថ្ងៃនេះតាក់ស៊ីទាំងអស់នឹងឡើងថ្លៃរហូតដល់ភ្ជុំតែម្ដង ព្រោះថ្លៃកំពង់សាឡាងអ្នកលឿងឡើងថ្លៃខុសធម្មតាទៅហើយ។ ថ្ងៃធម្មតា គាត់ចំណាយពី៨ពាន់ទៅ១ម៉ឺន២ពាន់រៀលក្នុងការឆ្លងសាឡាង ប៉ុន្តែម្សិលមិញនេះ ការចំណាយឡើងរហូត៣ម៉ឺនរៀលឯណោះ។
លោកបានបន្ថែមថា អ្វីដែលសំខាន់គឺមានប៉ូលិសយកលុយ តាមដងផ្លូវជាតិ ៣កន្លែងទៀត មួយកន្លែងថ្ងៃធម្មតា ១ពាន់រៀលទេ ប៉ុន្តែឥឡូវ៥០០០ ទៅ១ម៉ឺនរៀលទើបបានយក។ សរុបមក ក្នុងមួយជើងចំណាយជិត៥ម៉ឺនរៀល នេះមិនទាន់បូកថ្លៃបេនឡាន និងថ្លៃប្រេងដែលពេលបុណ្យបើកឡើងមកឡានទទេ ដូច្នេះរឿងមិនឡើងថ្លៃ ជៀសមិនរួចទេ។
លោក វ៉ន ពៅ ប្រធានឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឲ្យដឹងថា លោកសង្កេតឃើញទាំងរាជធានីភ្នំពេញ និងខេត្តមួយចំនួន បានចេញសេចក្ដីជូនដំណឹង ពេលបុណ្យទានម្ដងៗកុំឲ្យឡើងថ្លៃមធ្យោបាយដឹកជញ្ជូន ប៉ុន្តែសេចក្ដីជូនដំណឹងនោះហាក់គ្មានប្រសិទ្ធភាពទេ ព្រោះអាជ្ញាធរ សមត្ថកិច្ច គ្មានចំណាត់ការច្បាស់លាស់ រដ្ឋគ្មានមធ្យោបាយសាធារណៈសម្រាប់អ្នកក្រីក្រ រដ្ឋគ្មានយន្តការដោះស្រាយជាក់លាក់ និងបេនឡាននីមួយៗគឺឡើងថ្លៃមួយទ្វេជាពីរ។ ហេតុផលនេះធ្វើឲ្យការទប់ស្កាត់ការឡើងថ្លៃ គ្មានប្រសិទ្ធភាព។
លោក វ៉ន ពៅក៏បានអំពាវនាវថា៖ “អ្នករត់តាក់ស៊ីទាំងអស់ ឲ្យរក្សាឲ្យបាននូវក្រមសីលធម៌ ក្នុងការប្រកបមុខរបរ កុំឆ្លៀតគេងយកចំណេញ និងសូមឲ្យបងប្អូនអ្នកធ្វើដំណើរកុំគិតពីតម្លៃពេក ត្រូវគិតពីសុវត្ថិភាពជាចម្បង”។
ចុងសប្ដាហ៍កន្លងទៅនេះ សាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយដល់បណ្ដាអាជីវកររកស៊ីដឹកជញ្ជូនអ្នក ដំណើរទាំងអស់ឲ្យរក្សានូវតម្លៃដឹកជញ្ជូនក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ជៀសវាងការត្អូញត្អែររបស់ប្រជាពលរដ្ឋ និងការបង្ខំចិត្តជិះប្រកបដោយគ្រោះថ្នាក់ជាយថាហេតុ៕
0 comments:
Post a Comment