នៅក្នុងឆ្នាំថ្មីឆ្នាំ២០១៤ រដូវកាលនៃពិធីបុណ្យកឋិនទានដែលជាពិធីបុណ្យនៅក្នុងព្រះពុទ្ធសាសនាបានចូលមកដល់ ហើយបុណ្យកឋិនទាននេះ ក៏ជាពិធីបុណ្យមួយដែលព្រះសម្មាសម្ពុទ្ធទ្រង់បានអនុញ្ញាតដល់ពុទ្ធបរិស័ទទាំងឡាយដែលមានសទ្ធា ជ្រះថ្លាមុតមាំនៅក្នុងព្រះពុទ្ធសាសនាបានបំពេញទាន ដែលហៅថា"ចីវរទាន" ដើម្បីអនុគ្រោះដល់ព្រះភិក្ខុសង្ឃដែលបានលះបង់ផ្ទះសំបែង ចូលខ្លួនមកសាង ព្រះផ្នួលបួសនៅក្នុងពុទ្ធសាសនា ខិតខំសិក្សារៀនសូត្រ គោរព និងបដិបត្តិនូវធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ ហើយបានគង់ចាំព្រះវស្សានៅក្នុងពទ្ធសីមាវត្តអារាម អស់ត្រីមាស ៣ខែ ដើម្បីទទួលនូវកឋិនទានរបស់ពុទ្ធបរិស័ទដែលបានដង្ហែចូល មកវេរប្រគេន។
នៅក្នុងរដូវកាលកឋិនទាន ឬក៏ហៅថា កាលទាន ពោលគឺបុណ្យកឋិន ហើយខ្ញុំ និងក្រុមគ្រួសាររស់នៅក្នុងភូមិគោកស្នាយ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ និងបងប្អូននៅខេត្តព្រះវិហារ ខេត្តកណ្ដាល ក៏បានសម្រេចចិត្តរួបរួមគ្នាផ្ដើមធ្វើពិធីបុណ្យកឋិនទាននេះឡើង ក្នុងគោលបំណងដើម្បីបានធ្វើបុណ្យសន្សំកុសលសម្រាប់ពេលបច្ចុប្បន្ន និងដើម្បីឧទ្ទិសនូវបុណ្យកុសលដល់បុព្វការីជនរបស់យើងខ្ញុំ ហើយនិងដើម្បីអនុគ្រោះដល់ព្រះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សានៅក្នុងពទ្ធសីមាវត្តព្រះឥន្ទឧទ្យាន ហៅវត្តដូនល្អ ស្វិតនៅក្នុងភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីឱ្យលោកបានប្រើប្រាស់នូវសំពត់ស្បង់ស្បៃត្រៃចីវរ ថ្មីៗល្អៗ ព្រមទាំងបច្ច័យបួនក្នុងការទំនុកបម្រុងសម្រាប់ការសិក្សារៀនសូត្រនូវ ធម៌អាថ៌សិក្ខាវិន័យតទៅមុខទៀត ហើយក៏ដើម្បីធ្វើឱ្យព្រះពុទ្ធសាសនាបានស្ថិតនៅគ្រប់ ៥០០០ព្រះវស្សាដោយបរិបូរណ៍។
0 comments:
Post a Comment