ស្វែង សុជាតា ទម្លាយអាថ៌កំបាំងនៅភូមា Trackback
អ្នកនាង ស្វែង សុជាតា បានសម្រេចពុះទម្លាយអាថ៌កំបាំងរបស់អ្នកនាងនៅភូមា ខណៈជួបការសង្ស័យថា អ្នកនាង ទំនងជាជួបអ្នកពិសេស ឬអាចថា ជាគូស្នេហ៍នៅទីនោះ ក្រោយបាក់បែកស្នេហ៍ជាមួយលោក គង់ សុផារ៉ា ។ការសង្ស័យបែបនេះ ស្របពេល គេសម្គាល់ឃើញថា តារាសម្ដែង អ្នកនាង ស្វែង សុជាតា ឡើងចុះប្រទេសភូមានារយៈកាលចុងក្រោយ ខណៈនៅពេលមុន ជាពេលនៅត្រូវរ៉ូវគ្នាជាមួយ លោក គង់ សុផារ៉ា នៅឡើយ អ្នកនាង រមែងឡើងចុះវៀតណាមច្រើនជាងប្រទេសណាៗទាំងអស់។
សកម្មភាពខុសប្លែកនេះ ទស្សនិកជនយល់មួយផ្នែកថា អ្នកនាង ស្វែង សុជាតា ទៅភូមា ដើម្បីយកពេលព្យាបាលរបួសបេះដូងដែលខ្ទេចខ្ទាំក្នុងគ្រាកន្លងមក។ ប៉ុន្តែជាមួយគ្នានេះ មានការលើកឡើងថា ត្រឹមតែដើរកម្សាន្តបំភ្លេចទុក្ខ គេជឿថា ភូមា ទំនងមិនជាជម្រើសតែមួយរបស់អ្នកនាងឡើយ ព្រោះប្រទេសដែលល្បីខាងទេសចរណ៍មានដូចជា ថៃ វៀតណាម និងម៉ាឡេស៊ីជាដើម ទើបសមជាជម្រើសរបស់អ្នកនាងច្រើនជាង។
ដូច្នេះហើយ បើមិនមានអ្នកពិសេសលាក់ទុកនៅទីនោះទេ គេជឿថា អ្នកនាង ស្វែង សុជាតា មិនចំណាយកម្លាំងឡើងចុះភូមាញឹកញាប់ដូច្នេះទេ។
ជំនួប ជាមួយ Sabay ក្នុងគ្រាកន្លងមក អ្នកនាង ស្វែង សុជាតា បើកកកាយលើបញ្ហានេះ។ អ្នកនាងបានទទួលស្គាល់ថា នៅភូមា ពិតជាមានមនុស្សពិសេសរបស់អ្នកនាងមែន។ ក្រៅពីនោះ អ្នកនាង ស្វែង សុជាតា នៅបានទទួលស្គាល់ថា អ្នកពិសេសដែលអ្នកនាងហៅថា មិត្តល្អនោះ គឺជាបុរសថែមទៀតផង។
យ៉ាង ណាក៏ដោយ តារាសម្ដែងឆ្នាសឆ្នើមរូបនេះ បានសង្កត់ធ្ងន់ថា អ្នកពិសេសនោះ គឺពិសេសត្រឹមជាមិត្ត មិនមែនក្នុងផ្លូវស្នេហាឡើយ។ អ្នកមេម៉ាយ កូន២រូបនេះ ថ្លែងថា “គាត់គឺជា Best Friend មិនមែន Boy Friend ទេ កុំច្រឡំ”។ ការបញ្ជាក់បែបនេះ អ្នកនាង ស្វែង សុជាតា ខ្លាចមានការភ័ន្តច្រឡំថា អ្នកពិសេសនោះ គឺជាគូស្នេហ៍ថ្មី ដែលមកព្យាបាលរបួសបេះដូងរបស់អ្នកនាង ក្រោយបែកបែកស្នេហ៍ជាមួយលោក គង់ សុផារ៉ា។
អ្នកនាង ស្វែង សុជាតា ប្រាប់ថា បន្តថា មិត្តល្អរបស់អ្នកនាង មានប្រពន្ធនឹងកូនរួចហើយ មិនមែននៅទំនេរខ្លួនមួយឡើយ ហើយការរាប់អានរបស់អ្នកនាង ក៏បើកចំហមិនលាក់លៀមចំពោះភរិយាមិត្តល្អនោះដែរ។ អ្នកនាង បញ្ជាក់ថា “ពួកយើងរាប់អានគ្នាដូចបងប្អូន ដែលជួនកាលខ្ញុំទៅលេងពួកគេនៅភូមា ហើយជួនកាល ពួកគេក៏មកលេងខ្ញុំនៅភ្នំពេញនេះដែរ មិនមានអ្វីលាក់លៀមនោះទេ”។
តាមការបញ្ជាក់របស់ អ្នកនាង ស្វែង សុជាតា ដែរ បុរសជា Best Friend របស់អ្នកនាង គឺជាជនជាតិអូស្ត្រាលី មិនមែនភូមាទេ គ្រាន់តែរូបគេ បានមកធ្វើការនៅប្រទេសភូមា ឬមីយ៉ាន់ម៉ា។ ទោះយ៉ាងណា អ្នកនាង បដិសេធមិនបញ្ចេញឈ្មោះ និងរួមទាំងកិច្ចការដែលមិត្តល្អរូបនោះរបស់អ្នកនាងកំពុងប្រកប ក្នុងគោរពសិទ្ធិបុគ្គលរបស់មិត្ត។
ដំណើរទៅភូមារបស់អ្នកនាង ស្វែង សុជាតា ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការព្យាបាលរបួសបេះដូងរបស់អ្នកនាង ក្រោមស្នាដៃលោក គង់ សុផារ៉ា។ យ៉ាងណាក៏ដោយ អ្នកនាង ស្វែង សុជាតា ប្រាប់ថា មិនចង់រំលឹកពីរឿងនោះឡើងវិញទេ រឿងដែលកន្លងហួសទៅហើយ ឲ្យវាហួសទៅចុះ។ ម្យ៉ាងរឿងស្នេហាថ្មី បានជួបប្រសព្វពេលណាទៀត គឺពេលហ្នុងចុះ៕
0 comments:
Post a Comment