អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Wednesday, March 6, 2013

សិស្ស​​ឆ្នើម​ត​បណ្ដាញ​អគ្គិសនី​លេខ​មួយ​ថ្នាក់​ជាតិ​​​​ បាន​ចំណូល​​៣៥​ដុល្លារ​មួយ​ខែ! ​​ Trackback

យុវ ​សិស្ស​ ​មាស​ សុខចាន់​ បច្ចុប្បន្ន​ជា​សិស្ស​គ្រូ​​នៅ​ ​មជ្ឈមណ្ឌល​​ក្រម​ង៉ុយ​ ដែល​ទទួល​បាន​​ចំណាត់​ថ្នាក់​​​ផ្នែក​ត​បណ្ដាល​អគ្គិសនី​លេខ​មួយ​​ឆ្នើម​ ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១១​​ ​ដែល​ត្រៀម​​​ទៅ ប្រឡង​បន្ត​​យក​ជើង​ឯក​ថ្នាក់​អាស៊ាន ក្នុង​កម្មវិធី​ WorldSkills ASEAN ២០១២​ ​ដែល​នឹង​រៀប​ចំ​ឡើង​នៅ​ប្រទេស ​​ឥណ្ឌូណេស៊ី ​​នៅ​ចុង​ឆ្នាំ​២០១២​ ខាង​មុខ​នេះ។
យុវ ​សិស្ស​ម្នាក់​​នេះ​ កើត​ក្នុង​ត្រកូល​កសិករ​ទេ​ តែ​ដោយ​សារ​មា​ន​គំនិត​តស៊ូ​ ​និង​បាន​​​សិក្សា​លើ​ជំនាញ​​អនុវត្ត​ជាក់​ស្ដែង​ផ្នែក​​​ត​បណ្ដាញ​​ អគ្គិសនី​ ច្បាស់លាស់​​ ធ្វើ​ឲ្យ​​ មាស​​ សុខចាន់​​ ទទួល​បាន​ចំណាត់​ថ្នាក់​​សិស្ស​ឆ្នើម​ថ្នាក់​ជាតិ។ តើ​យុវជន​ម្នាក់​នេះ​ មាន​ប្រវត្តិ​និង​ការ​តស៊ូ​​យ៉ាង​ណា​ខ្លះ​​ក្នុង​ការ​​សិក្សា​?
និយាយ ​ពី​​ស្ថានភាព​គ្រួសារ​វិញ​ ​មាស​​ សុខចាន់​ ​​មាន​ស្រុក​កំណើត​នៅ​ ភូមិ​ដូនវៀត​​​​ ឃុំ​កំពង់​ហៅ​​ ស្រុក​កំពង់​លែង​ ខេត្ត​កំពង់ឆ្នាំង​។ ​​​​​សុខ​ចាន់​ ​មាន​​បង​ប្អូន​ទាំង​អស់​​៧​​ នាក់​ ស្រី​ម្នាក់​ និង​ប្រុស​៦​នាក់។ ​រហូត​មក​ដល់​ពេល​នេះ​ ​បង​ប្អូន​​របស់​ សុខ​ចាន់​ ​បាន​រៀប​ការ​​បាន​បី​នាក់​ហើយ​​​ គឺ​បង​ស្រី ​ម្នាក់​ និង​ប្រុស​ពីរ​នាក់។ អ្វី​ដែល​សំខាន់​ បើ​ទោះ​ជា​ម្ដាយ​ចាស់​ជរា​ និង​ជា​ស្ត្រី​មេម៉ាយ​ក៏​ពិត​មែន​ តែ​ ​​​សុខ​ចាន់​ មាន​បង​ប្អូន​​ ៣​ នាក់​ទៀត​កំពុង​សិក្សា​ ដែល​បង​ប្រុស​នៅ​រៀន​ឆ្នាំ​ទី​៣​មហាវិទ្យាល័យ​ និង​​ប្អូន​​ប្រុស​ម្នាក់​ទៀត​ត្រៀម​ឡើង​មក​រៀន​នៅ​ភ្នំពេញ​ដែរហើយ។
យុវជន ​​មាន​អាយុ​ ​២០​​ឆ្នាំ​រូប​នេះ​ ​​បាន​​រៀប​រាប់​ប្រាប់​ថា​ ខ្លួន​បាន​ចូល​រៀន​នៅ​សាលា​បឋមសិក្សា​​នៅ​ឆ្នាំ​១៩៩៧​ ​នៅ​​សាលា​ភូមិ​ដូនវៀត ​នៅ​ស្រុក​កំណើត​ខ្លួន​តែ​​​នៅ​ពេល​នោះ​មិន​បាន​រៀន​យូរ​ទេ​ គឺ​រៀន​បាន​ត្រឹម​តែ​ ២​​​ឆ្នាំ​ប៉ុណ្ណោះ​​ពោល​គឺ​រៀន​ចប់​ថ្នាក់​២​ ហើយ​ក្រោយ​មក​​ សុខចាន់​ ក៏​បាន​​ផ្លាស់​ប្ដូរ​ទៅ​រៀន​នៅ​សាលា​ ​​​បឋមសិក្សា​​ទួល​ខ្សាច់​ ​ដោយ​ស្នាក់​នៅ​ជា​មួយ​អ៊ំ​​។ ​ក្រោយ​មក​ក៏​ផ្លាស់​មក​រស់​នៅ​សាលា​​ដូនវៀត​វិញ​។ ដោយ​សារ​តែ​ការ​ផ្លាស់​ប្ដូរ​​សាលា​ ធ្វើ​ឲ្យ កុមារ​ សុខចាន់ ​រៀន​ត្រួត​ថ្នាក់​ ​ហើយ​ជា​លទ្ធផល​គឺ​មិន​បាន​ទទួល​លទ្ធផល​ល្អ​ប្រសើរ​ប៉ុន្មាន​នោះ​ទេ​នៅ​ ថ្នាក់​បឋមសិក្សា។
ក្រោយ​ពី​បញ្ចប់​​ ថ្នាក់​ទី​​៧ ភ្លាម​ យុវជន​ សុខ​ចាន់ ​បាន​បន្ត​រៀន​ថ្នាក់​ទី​៧ ភ្លាម​នៅ​វិទ្យាល័យ​​ព្រះសុរាម្រិត​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​ខ្លាំង​ណាស់ ​ដែរ។ ដូច្នេះ​ខ្លួន​ត្រូវ​ទៅ​ស្នាក់​នៅ​ជា​មួយ​អ៊ំ​ម្នាក់​ទៀត​ ដោយ​ត្រូវ​ជួយ​ធ្វើ​ការ​​​ស្រែ​ចម្ការ ​និង​កិច្ច​ការ​ផ្ទះ​ផ្សេង​ៗ​ទៀត។
ក្រោយ ​ពី​បញ្ចប់​ថ្នាក់​ទី​ ​៩​ ដោយ​ទទួល​បាន​លទ្ធផល​មធ្យម​ ​សុខ​ចាន់​ក៏​បាន​បន្ត​រៀន​នៅ​វិទ្យាល័យ​​​ព្រះសុរាម្រិត​​ដដែល​។ ការ​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ ​សុខ​ចាន់​ គឺ​ស្នាក់​នៅ​ផ្ទះ​ជា​មួយ​អ៊ំ ​ក៏​ប៉ុន្តែ​ខ្លួន​ត្រូវ​​ចំណាយ​ផ្សេង​ៗ​លើ​ការ​រៀន​បន្ថែម​ក្រៅ​ម៉ោង​ និង​សម្ភារៈ​ផ្សេង​ៗ​ទៀត​ គឺ​ត្រូវ​ពឹង​ផ្អែក​លើ​ឪពុក​ម្ដាយ​ទាំង​ស្រុង​តែ​ម្ដង​ ដែល​មួយ​ខែ​​ឪពុក​​ម្ដាយ​បាន​ផ្ញើ​​ឲ្យ​ប្អូន​ប្រមាណ​ ៥​ ទៅ​ ១០​ម៉ឺន​រៀល។ ​ការ​សិក្សា​នៅ​វិទ្យាល័យ​ ក៏​មិន​សូវ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ប៉ុន្មាន​ដែរ​ ដោយ​ហេតុ​ថា​ មិន​សូវ​មាន​លុយ​រៀន​ក្រៅ​ម៉ោង​នឹង​គេ​ច្រើន​ ហើយ​ពី​មូលដ្ឋាន​​គ្រឹះ​ក៏​មិន​សូវ​​​រឹង​មាំ​​ផង​ ទើប​ការ​ប្រឡង​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ​ទទួល​បាន លទ្ធផល​និទ្ទេស​ D
អ្វី ​ដែល​​ការ​សោក​ស្ដាយ​​សម្រាប់​ សុខចាន់ ​ទើប​​ តែ​បញ្ចប់​បាក់ឌុប​បាន​ពីរ​ខែ ឪពុក​ក៏​ស្លាប់​បាត់​ទៅ។ ក្រោយ​ពី​ឪពុក​ស្លាប់​​បាត់​ទៅ​ ​រហូត​មក​ដល់​ពេល​នេះ​ សុខចាន់​ មាន​តែ​ម្ដាយ​​មេម៉ាយ​អាយុ​ជាង​៦០​ឆ្នាំ​ ត្រូវ​ធ្វើ​ចម្ការ​ដាំ​បន្លែ​ដូច​ជា​សណ្ដែក​ ម្ទេស​ជា​ដើម​​ជា​មួយ​បង​ប្អូន​របស់​ខ្លួន​ដើម្បី​ចិញ្ចឹម​ក្រពះ។
ចំណែក ​ប្អូន​​នៅ​ភ្នំពេញ​ ក្រោយ​ពី​មាន​បង​ប្រុស​ម្នាក់​ធ្វើ​ការ​ជា​អ្នក​សារព័ត៌មាន​ស្គាល់​មីង​ ម្នាក់​នៅ​ស្រុក​ បារាំង​ ​​ហើយ​គាត់​បាន​សុំ​មីង​ម្នាក់​នេះ​ ឲ្យ​ជួយ​រក​សាលា​​ឲ្យ​រូប​គេ​រៀន​ផង​​នោះ​ ​អ្នក​មីង​ម្នាក់​នេះ​ ក៏​បាន​យក​សុខ​ចាន់​ ឲ្យ​មក​រៀន​ជំនាញ​​ផ្នែក​ខាង​អគ្គិសនី​នៅ​មជ្ឈមណ្ឌល​ក្រមង៉ុយ​​ តែ​ម្ដង។ ​យុវជន​ម្នាក់​នេះ​ បាន​ចូលរៀន​នៅ​​ចុង​ឆ្នាំ​២០១០។
ការ ​សិក្សា​នៅ​​សាលា​ពិត​ជា​លំបាក​ខ្លះ​ដែរ​​ ដោយ​សារ​តែ​មិន​ទាន់​បាន​ដឹង​​ច្រើន​ ហើយ​​ខ្លួន​ក៏​មិន​ដែល​ស្រមៃ​​ចង់​ធ្វើ​ផ្នែក​ហ្នឹង​ដែរ​ ដោយ​ដំបូង​ឡើយ​នោះ​គឺ​ស្រមៃ​ចង់​​ក្លាយ​ជា​អ្នក​ប្រដាល់​ទៅ​វិញ។
ក្រោយ ​ពី​ចូល​រៀន​បាន​មួយ​ឆ្នាំ​ សុខចាន់​ បាន​យល់​ដឹង​​ច្រើន​ និង​បាន​យល់​​ច្បាស់​លាស់​​លើ​ផ្នែក​នីមួយ​ៗ ដែល​ខ្លួន​បាន​រៀន។ ស្រប​ពេល​ដែល​មាន​ការ​ប្រឡង​ជ្រើស​រើស​សិស្ស​ឆ្នើម​ផ្នែក​​អគ្គិសនី​​ថ្នាក់ ​ជាតិ​​ដែល​មាន​និស្សិត​ និង​សិស្ស​មក​ពី​សាលា​បណ្ដុះ​បណ្ដាញ​ជំនាញ​ផ្នែក​អគ្គិសនី​ជា​ច្រើន​ស្ថាប័ន ​នៅ​កម្ពជា​​ចូល​រួម​ដែល​គេ​ហៅ​ថា​ MySkills ​Cambodia សុខ​ចាន់​ ដែល​ប្រឡង​ជាប់​ជា​សិស្ស​ឆ្នើម​ប្រចាំ​សាលា​ស្រាប់​ បាន​ទៅ​ចូល​រួម​ប្រកួត​ ហើយ​ក្រោយ​​មក​ក៏​បាន​ប្រឡង​ជាប់​លេខ​មួយ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១១​នេះ​តែ​ម្ដង
អ្វី ​ដែល​ជា​ការ​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ​គឺ​ ក្រោយ​ពី​ប្រឡង​ជាប់​ សុខ​ចាន់ ​​មិន​បាន​ទទួល​ពាន​រង្វាន់​អ្វី​នោះ​ទេ​ ហើយ​​សូម្បី​តែ​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ពី​ស្ថាប័ន​មួយ​ណា​ក៏​គ្មាន​ ដែរ។ សុខចាន់ ​ត្រូវ​រៀន​ត្រៀម​​នៅ​មជ្ឈមណ្ឌល​ក្រមង៉ុយ​​ បន្ថែម​ទៀត​ ដើម្បី​ទៅ​ចូល​រួម​ប្រកួត​ជំនាញ​អនុវត្ត​ជាក់​ស្ដែង​ផ្នែក​អគ្គិសនី​នេះ​ ថ្នាក់​អាស៊ាន​ដែល​គេ​ហៅ​ថា​ WorldSkills ASEAN ​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ។ ​សុខ​ចាន់ ​ប្រាប់​ថា​ ខ្លួន​មាន​សង្ឃឹម​​យ៉ាង​ហោច​ណាស់​ក៏​ ៦០​​ភាគរយ​ដែរ​ថា ហ្នឹង​ទទួល​បាន​ជយលាភី។
អ្វីដែល ​គួរ​ឲ្យ​កត់​​​សម្គាល់​មួយ​ទៀត​នោះ​ សុខចាន់​ បច្ចុប្បន្ន​ ​ធ្វើ​ជា​សិស្ស​ផង​ និង​គ្រូ​ផង​នៅ​មជ្ឈមណ្ឌល​នេះ​ ដោយ​ធ្វើ​ជា​គ្រូ​នៅ​មជ្ឈមណ្ឌល​ដែល​ខ្លួន​កំពុង​​រៀន​នេះ​ បាន​ទទួល​ប្រាក់​ចំណូល​ត្រឹមតែ​ ៣៥​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ តែ​ខាង​សាលា​មាន​ផ្ដល់​​​បាយ​ និង​កន្លែង​ស្នាក់​នៅ​ ក៏​ដូច​ជា​ការ​សិក្សា​ដោយ​ឥត​គិត​ថ្លៃ។
សុខចាន់ ​ បាន​អំពាវ​នាវ​ដល់​ប្រិយមិត្ត​ មិត្ត​អ្នក​អាន​ផង​ដែរ​ ​​​បើ​មាន​ចិត្ត​ចង់​ជួយ​​​យុវជន​​ឆ្នើម​ម្នាក់​នេះ​ ​ដោយ​សារ​តែ​បច្ចុប្បន្ន​រូប​គេ​ កំពុង​​កង្វះ​ខាត​ថវិកា​​ដើម្បី​ទិញ​ឧបករណ៍​ពិសោធន៍​​សម្រាប់​ហ្វឹកហាត់​ ត្រៀម​ទៅ​ប្រកួត​កម្មវិធី​ថ្នាក់​អាស៊ាន​៕

0 comments: