អបអរសាទរ ឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០១៤!

Wednesday, March 6, 2013

សាកលវិទ្យាល័យ​បាត់ដំបង គ្រឹះស្ថាន​តែ​មួយ​គត់​ដែល​បណ្ដុះបណ្ដាល​ជំនាញ​នុយក្លេអ៊ែរ Trackback

នៅ​ក្នុង​ចំណោម​សាលា​បណ្ដុះបណ្ដាល​ជំនាញ​ជា​ច្រើន សាកលវិទ្យាល័យ​ បាត់ដំបង​គឺ​ជា​គ្រឹះស្ថាន​សិក្សា​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ការ​បណ្ដុះបណ្ដាល​មុខ​ជំនាញ​នុយក្លេអ៊ែរ​សម្រាប់​សិស្ស​និស្សិត​ សិក្សា។
បរិវេណ និង​អគារសិក្សា​របស់​សាកលវិទ្យាល័យ​បាត់ដំបង
សាកលវិទ្យាល័យ ​បាត់ដំបង​គឺ​ជា​សាកលវិទ្យាល័យ​របស់​រដ្ឋ​ធំ​ជាងគេ​បំផុត នៅ​ក្នុង​ភូមិភាគ​ពាយព្យ​ដែល​បង្កើត​តាម​អនុក្រឹត្យ​លេខ២៦.អនក្រ.បក ចុះ​ថ្ងៃ​ទី២១ ខែ​មិនា ឆ្នាំ២០០៧ ក្រោម​ការ​ផ្ដួចផ្ដើម​គំនិត​និង​កសាង​ដោយ​ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​និង​ជា​តំណាងរាស្ត្រ​ខេត្ត​បាត់ដំបង។
មុខជំនាញ​បណ្ដុះបណ្ដាល​របស់​សាកលវិទ្យាល័យ​បាត់ដំបង​រួម​មាន៖
មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
១/ ជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា
២/ ជំនាញវិស្វកម្មសំណង់សីវិល
៣/ ជំនាញវិស្វកម្មនុយក្លេអ៊ែរ
៤/ ជំនាញគណិតវិទ្យា
៥/ ជំនាញគីមីវិទ្យា
៦/ ជំនាញរូបវិទ្យា
៧/ ជំនាញជីវវិទ្យា
៨/ ជំនាញមីក្រូវិទ្យា
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និង ទេសចរណ៍
១/ ជំនាញគ្រប់គ្រង
២/ ជំនាញគណនេយ្យ
៣/ ជំនាញទីផ្សារ
៤/ ជំនាញធនាគារ និងហិរញ្ញវត្តុ
៥/ ជំនាញទេសចរណ៍
មហាវិទ្យាល័យ​សង្គម​សាស្រ្ត​ និង អភិវឌ្ឍន៍​សហគមន៍
១/ ជំនាញ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច
២/ ជំនាញ​នីតិសាស្ត្រ (ច្បាប់)
៣/ ជំនាញ​កសិពាណិជ្ជកម្ម
៤/ ជំនាញ​អភិវឌ្ឍន៍​ជនបទ
អាគារ​សិក្សា​និង​គ្រឿង​បរិក្ខារ​ប្រើប្រាស់
សាកលវិទ្យាល័យ ​បាត់ដំបង​មាន​អាគារ​ធំៗ​ជា​ច្រើន​ដូចជា៖ អាគារ​សម្រាប់​សិស្ស​សិក្សា សាល​សន្និសីទ បណ្ណាល័យ ផ្ទះ​សម្រាប់​គ្រូ​និង​សិស្ស​ក្រីក្រ​ស្នាក់នៅ ភោជនីយដ្ឋាន ទីធ្លា​និង​សួនច្បារ និង​បណ្ណាគារ​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ទៀត​ផង។ ផ្នែក​បន្ទប់​សិក្សា​បំពាក់​ទៅ​ដោយ​ម៉ាស៊ីន​ត្រជាក់ កង្ហារ អំពូល​ភ្លើង កៅអី​ថ្មីៗ និង​សម្ភារៈ​ឧបទ្ទេស​សិក្សា​គ្រប់គ្រាន់​សម្រាប់​សិស្ស​និស្សិត​អនុវត្តន៍។ ជាមួយ​គ្នា​នេះដែរ នៅ​ក្នុង​បន្ទប់​កុំព្យូទ័រ​ក៏​មាន​បំពាក់​ប្រព័ន្ធWiFiដែល​អាច​ឱ្យ​សិស្ស​ និស្សិត​ប្រើប្រាស់ Internet សម្រាប់​សិក្សា​ស្រាវជ្រាវ​ផ្សេងៗ​បាន​យ៉ាង​ប្រសើរ​ផង​ដែរ។
ការ​គ្រប់គ្រង​វិន័យ
សាកលវិទ្យាល័យ ​បាន​ពង្រឹង​យ៉ាង​តឹងរ៉ឹង ផ្នែក​វិន័យ​ដូចជា​សិស្ស​និស្សិត​ទាំងអស់​តម្រូវ​ឱ្យ​ស្លៀក​សំលៀកបំពាក់​ខៀវ ស ព្រមទាំង​មាន​ផ្លាក​ឡូហ្គូ​ដែល​បញ្ជាក់​ពី​ឈ្មោះ​របស់​សាកលវិទ្យាល័យ។ នៅ​ពេល​ដល់​ម៉ោង​ចូលរៀន សិស្សនិស្សិត​ត្រូវតែ​ចូលរៀន ហើយ​ប្រសិន​បើ​មក​ជ្រុល​ម៉ោង ១៥​នាទី សាលា​នឹង​បិទទ្វារ​មិន​ឱ្យ​ចូលរៀន​ឡើយ។
ជាមួយ​គ្នា​នេះ សាលា​មាន​វិធានការណ៍​ផាក​ពិន័យ​ដល់​សិស្ស​និស្សិត​ដែល​អវត្តមាន​ច្រើន​ដង​ និង​មិន​សុំ​ការ​អនុញ្ញាត ដោយ​ករណី​ធ្ងន់ធ្ងរ​សាលា​អាច​ឈាន​ដល់​ការ​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ការ​ ប្រឡង​ផង​ដែរ។ នៅ​ពេល​ប្រលង​បញ្ចប់​ឆមាស សាលាបាន​រៀបចំ​វិន័យ​យ៉ាង​តឹងរ៉ឹង​ដោយ​ឱ្យ​សិស្ស​និស្សិត​អង្គុយ​ឆ្ងាយៗ​ពី​ គ្នា និង​មាន​អនុរក្ស​ពីរ​ទៅ​បី​នាក់​ចាំ​ត្រួត​ពិនិត្យ​ដើម្បី​ឲ្យ​ដំណើរការណ៍​ ប្រឡង​ប្រព្រឹត្តិ​ទៅ​បាន​ត្រឹមត្រូវនិង​មាន​តម្លាភាព។
បណ្ណាល័យសិក្សា​សម្រាប់​និស្សិត​សិក្សា​ស្រាវជ្រាវ
សាស្ត្រាចារ្យបណ្ដុះបណ្ដាល
សាស្ត្រាចារ្យ ​បណ្ដុះបណ្ដាល​មាន​ទាំង​ជនជាតិ​ខ្មែរ​និង​បរទេស ភាគច្រើន​មាន​កម្រិត​សញ្ញាប័ត្រ​ចាប់​ពី​អនុបណ្ឌិត​ឡើង​ទៅ​ ដែល​នេះ​ធ្វើ​ឱ្យ​សាកលវិទ្យាល័យ​មាន​ភាព​រីកចម្រើន ប្រកប​ដោយ​គុណភាព​ក្នុង​ការ​បង្ហាត់​បង្រៀន​ដល់​សិស្ស​និស្សិត​កាន់​តែ​ល្អ។
ផ្នែក​សេវា​ផ្សេងៗ​នៃ​សកលវិទ្យាល័យ​បាត់ដំបង
សាកលវិទ្យាល័យ ​បាត់ដំបង​ មាន​ផ្តល់​ការ​បណ្ដុះបណ្ដាល​វគ្គ​ខ្លីៗ​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​សិស្ស​ និស្សិត​ទាំងអស់ ដែល​ចូល​មក​សិក្សា​នៅ​សាកលវិទ្យាល័យ​ ដែល​នេះ​ធ្វើ​ឱ្យ​សិស្ស​និស្សិត​ទាំងអស់​ឆាប់​ចេះ​ឆាប់​យល់​និង​ឆាប់​ចាប់​ បាន​ក្នុង​ការ​សិក្សា។ ក្រៅពី​នេះ​សាលា​ក៏​មាន​កម្មវិធី​ផ្សេងៗ​ដូចជា​ការ​ប្រគំតន្ត្រី ការ​លេង​ល្បែង​ប្រជាប្រិយ​ផ្សេងៗ​នៅ​ពេល​មាន​បុណ្យទាន​ការ​នាំ​សិស្ស​ និស្សិត​ចុះ​ទៅ​ទស្សនៈ​កិច្ចសិក្សា​នៅ​តាម​បណ្តា​ខេត្ត​នានា​និង​ការ​នាំ​ សិស្ស​និស្សិត​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា នៅ​តាម​ខេត្ត-ក្រុង ។
បេសកកម្ម និង​គោលដៅ​នៃ​សាកលវិទ្យាល័យ​បាត់ដំបង
បេសកកម្ម ​របស់​សាកលវិទ្យាល័យ​បាត់ដំបង​មាន​បី​សំខាន់​គឺ​ទី មួយ អប់រំ និង​បណ្ដុះបណ្ដាល​និស្សិត​គ្រប់​កម្រិត​និង គ្រប់​ប្រភេទ​ប្រកបដោយ​គុណភាព​លើ​ជំនាញ ភាសា វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ស្រប​ទៅ​តាម​តម្រូវការ​ជាក់ស្ដែង​របស់​ប្រទេស។ ទី​ពីរ សិក្សា ស្រាវជ្រាវ អភិវឌ្ឍន៍ និង​ផ្សព្វផ្សាយ​វប្បធម៌ វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​សំដៅ​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម​ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ​នៅ​កម្ពុជា។ ទី​បី ចូលរួម​ចំណែក​អភិវឌ្ឍន៍​សង្គម​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយរដ្ឋ​ អំណាច​មូលដ្ឋាន ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សាកលវិទ្យាល័យ​ជា​មិត្ត​នៅ​លើ​សាកលលោក។
សិស្ស​និស្សិត​ទាំងអស់​ នឹង​ទទួល​បាន​ការ​សិក្សា​ដល់​ទៅ​ពីរ​ជំនាញ​ដោយ​គ្រាន់​តែ​បង់លុយ​សិក្សា​តែ​ មួយ​ជំនាញ​ប៉ុណ្ណោះ។ សិស្ស​និស្សិត​ចូល​ឆ្នាំ​ទី​២ សាលា​តម្រូវ​ជ្រើសរើស​ជំនាញ​ថ្មី​មួយ​ទៀត​ដែល​ខុស​ពី​ជំនាញ​ដើម​ដែល​កំពុង​ សិក្សា។ ហេតុនេះ ពួកគេ​អាច​ទទួល​បាន​ចំណេះដឹង​យ៉ាង​ច្រើន​និង​ងាយស្រួល​ក្នុង​ការ​រក​ការងារ​ ធ្វើ​និង​រៀន​សូត្រ​បន្ត​ទៅ​មុខ​ទៀត។
សកលវិទ្យាល័យ​បាត់ដំបង​ បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ពិត​ប្រាកដ​ដែល​សមស្រប​ទៅ​តាម​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន និង​​អនាគត។ បន្ថែម​ពី​នេះ​សាកលវិទ្យាល័យ​មាន​គោលដៅ​បាញ់​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​ ទាំង​ការ​អប់រំ​ផ្នែក​វិទ្យាសាស្ត្រ​ពិត និង​ទាំង​ផ្នែក​សង្គម​ហើយ​ថែម​ទាំង​ពង្រឹង​ខាង​ផ្នែក​កសិកម្ម​ឲ្យ​សមស្រប​ទៅ ​តាម​ប្រទេស​កសិកម្ម​ដូចជា​កម្ពុជា។

0 comments: