លោក អៀង សារី ស្លាប់ហើយ Trackback
Status របស់លោក គឹម គុណវឌ្ឍន៍ សរសេរលើFacebook បញ្ជាក់ថា លោក អៀង សារីស្លាប់
លោក គឹម គុណវឌ្ឍន៍ បានសរសេរទៀតថា ព្រះរាជអាជ្ញាសាលាក្តីខ្មែរក្រហម កំពុងពិនិត្យសាកសពលោក អៀង សារី។ ស្ថិតក្នុងវ័យ៨៧ ឆ្នាំ លោក អៀង សារី ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬមន្ទីរពេទ្យរុស្ស៊ី កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣។ ចាប់តាំងពីពេលនោះ លោកអៀងសារី មិនអាចទទួលទានអាហារបានឡើយ។
លោក អាង ឧត្តម មេធារី លោក អៀង សារី ផ្តល់បទសំភាស នៅមន្ទីពេទ្យរុស្ស៊ី
ទិដ្ឋភាពនៅមន្ទីពេទ្យរុស្ស៊ី
អ្នកថតរូបមកពីទីភ្នាក់ងារជាតិ និងអន្តរជាតិ កំពុងរង់ចាំផ្តិតយករូបភាព នៅមន្ទីពេទ្យរុស្ស៊ី
@: លោក បានទទួលអាហារូបករណ៍ទៅសិក្សានៅឯវិទ្យាល័យកុងដ័រសេ និងនៅវិទ្យាស្ថានសិក្សា នយោបាយ ក្រុងប៉ារីស ប្រទេសបារាំង។
@: លោក អៀង សារី បានចូលជាសមាជិកបក្សកុម្មុយនីស្តបារាំងក្នុងឆ្នាំ១៩៥១។
@: លោក អៀង សារី ត្រូវបានគេជឿថា បានចូលរួមជាមួយលោក ខៀវ សំផន ក្នុងការបង្កើតចលនាម៉ាក្សស៊ីស ក្នុងស្រទាប់និស្សិតកម្ពុជានៅប្រទេសបារាំង។
@: បន្ទាប់ពីត្រឡប់ មកកម្ពុជាវិញក្នុងឆ្នាំ១៩៥៧ លោក អៀង សារី បានក្លាយជាគ្រូបង្រៀន ប្រវត្តិវិទ្យានៅវិទ្យាល័យស៊ីសុវត្ថិ និងជាសមាជិកសកម្មនៃបក្សកុម្មុយនីស្តកម្ពុជា។
@: លោក អៀង សារី បានរត់ចូលព្រៃដើម្បីចូលរួមជាមួយចលនាខ្មែរក្រហមនៅឆ្នាំ១៩៦៣។ ក្នុងអំឡុងសង្គ្រាមស៊ីវិលពីឆ្នាំ១៩៧១-១៩៧៥ លោកបានចូលរួមជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា និងជាបេសកជនពិសេស របស់រណសិរ្សរួបរួមជាតិខ្មែរ។
@: ពេលដែលខ្មែរក្រហមឡើងកាន់អំណាច នៅឆ្នាំ១៩៧៥ លោក អៀង សារី ក៏បានក្លាយទៅជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស។
@: លោក អៀង សារី បានរត់ភៀសខ្លួនទៅប្រទេសថៃ នៅពេលដែលរបបខ្មែរក្រហម ដួលរលំក្នុងឆ្នាំ១៩៧៩។ លោក អៀង សារី ត្រូវបានកាត់ទោសកំបាំងមុខពីបទប្រល័យពូជសាសន៍ និងត្រូវផ្តន្ទាទោសប្រហារជីវិតដោយតុលាការប្រជាជនបដិវត្តន៍កម្ពុជានៅ ភ្នំពេញ។
@: លោក អៀង សារី បានបន្តតួនាទីរបស់ខ្លួនក្នុងរដ្ឋាភិបាលនិរទេស ប៉ុន្តែបានផ្ទេរមុខតំណែងជារដ្ឋមន្ត្រីការបរទេស ទៅឲ្យលោក ខៀវ សំផន បន្ទាប់ពីការបង្កើតរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ ក្នុងឆ្នាំ១៩៨២។
@: លោក អៀង សារី បានចាកចេញពីចលនាខ្មែរក្រហមជាមួយនឹងកងកម្លាំងយោធារាប់ពាន់នាក់ នៅខែសីហា ឆ្នាំ១៩៩៦ ជាថ្នូរនឹងព្រះរាជក្រឹត្យលើកលែងទោសចំពោះសាលក្រម ឆ្នាំ១៩៧៩ និងការលើកលែងទោសពីសំណាក់ព្រះករុណាព្រះបាទ នរោត្តម សីហនុ ពីការកាត់ទោសក្រោមច្បាប់ដាក់ខ្មែរក្រហម នៅក្រៅច្បាប់ ក្នុងឆ្នាំ១៩៩៤។
@:លោក អៀង សារី មានមុខតំណែងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស នៃរបបកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនីស្តកម្ពុជា។
@: លោក អៀង សារី មានឈ្មោះក្រៅហៅ វ៉ាន់ កើតនៅថ្ងៃ ២៤ ខែតុលា ឆ្នាំ១៩២៥ នៅភូមិលឿងវ៉ា ខេត្តត្រាវីញ ( ទឹកដីកម្ពុជាក្រោម សព្វថ្ងៃជាវៀតណាមខាងត្បូង )។
@: លោក អៀង សារី ត្រូវបានចាប់ខ្លួននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៧ ដោយត្រូវចោទប្រកាន់ និងបញ្ជូនទៅជំនុំជម្រះពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែក សាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ និងមានចែងនិងផ្តន្ទាទោស តាមមាត្រា ៣ (ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និងមាត្រា៣៩(ថ្មី) នៃច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។
@: លោក អៀង សារី ត្រូវបាននាំខ្លួនមកចូលរួមសវនាការសាធារណៈនៅចំពោះមុខអង្គជំនុំជម្រះ សាលាដំបូង ក្នុងសំណុំរឿង០០២ ជាមួយនឹងលោក នួនជា និងលោក ខៀវ សំផន ដែលបានចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១។
លោក អៀង សារី ត្រូវបានចោទប្រកាន់ថា មានការទទួលខុសត្រូវ តាមរយៈការធ្វើ សកម្មភាព ឬបរាជ័យ ក្នុងការទប់ស្កាត់ ( រួមបញ្ចូលទាំងការប្រព្រឹត្តតាមរយៈឧស្សាហកម្ម ឧក្រិដ្ឋកម្មរួម ) បញ្ជាញុះញង់ រៀបចំផែនការ ដឹកនាំ ឬសមគំនិត ដោយការជួយ ឬជំរុញ ឬបង្កលក្ខណៈងាយស្រួល ដល់ការប្រព្រឹត្តឧក្រិដ្ឋកម្ម ឬទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំ ចំពោះឧក្រិដ្ឋកម្ម ដូចខាងក្រោម ដែលត្រូវបានប្រព្រឹត្តនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
បទចោទប្រកាន់លោក អៀង សារី រួមមាន៖
- ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ៖ មនុស្សឃាត ការសម្លាប់ផ្តាច់ពូជ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទារុណកម្ម និងអំពើអមនុស្សធម៌ផ្សេងទៀត។
-ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៖ ការសម្លាប់ក្រុមជនជាតិវៀតណាម និងចាម។
- ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩៖ មនុស្សឃាត ដោយចេតនា ការធ្វើទារុណកម្ម ឬការប្រព្រឹត្តអមនុស្សធម៌ ការបង្កដោយចេតនាឲ្យមានរបួសធ្ងន់ធ្ងរ ឬឲ្យមានការឈឺចាប់ដល់រូបរាងកាយ ឬសុខភាព ការដកហូតដោយចេតនាពីឈ្លើយសឹក ឬជនស៊ីវិលនូវសិទ្ធិទទួលបានការកាត់ក្តី ដោយយុត្តិធម៌ ការបង្ខាំង និងការនិរទេសជនស៊ីវិលដោយខុសច្បាប់។
-អំពើមនុស្សឃាត៖ ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦៕
0 comments:
Post a Comment